វាក្យសព្ទខ្មែរទាក់ទងនឹងបណ្ដាញផ្លូវទឹក
វាក្យសព្ទខ្មែរទាក់ទងទៅនឹងប្រព័ន្ធបណ្ដាញផ្លូវ ទឹក និងទីកន្លែងរក្សាឬដក់ទឹក មានច្រើនគួរសមដែរបើប្រៀបធៀបនឹងភាសាដទៃ ។ ពាក្យទាំងនោះមានៈ ទន្លេ ស្ទឹង ព្រែក ប្រឡាយ អូរ បឹង បារាយណ៍ អាង ស្រះ និងត្រពាំង ជាដើម ។ ប៉ុន្តែនៅពេលជជីកសាកសួរអំពីនិយមន័យរបស់ពាក្យនីមួយៗតើខុសគ្នាឬ ដូចគ្នាយ៉ាងណា គេពិតជាពិបាកក្នុងការស្វែងរកឯកសារបញ្ជាក់ឲ្យបានច្បាស់លាស់ ណាស់ សូម្បីវចនានុក្រមខ្មែរ និងការអត្ថាធិប្បាយក្នុងកម្មវិធីអក្សរសាស្ត្រខ្មែររបស់សម្ដេច ព្រះសង្ឃារាជ ជួន ណាត ក៏ពុំឃើញវែកញែកឲ្យបានច្បាស់លាស់ផងដែរ ។
តាមការសង្កេតរបស់ខ្ញុំ ការកំណត់ហៅបណ្ដាញផ្លូវទឹក និងទីកន្លែងរក្សាទឹករបស់ខ្មែរគឺផ្អែកលើលក្ខណៈវិនិច្ឆ័យចម្បងៗ ចំនួន ៣ គឺៈ ទំហំ គោលដៅហូរចាក់ និងកើតឡើងដោយធម្មជាតិ ឬដោយមនុស្ស ។ តាមន័យនេះខ្ញុំអាចកំណត់និយមន័យរបស់ពាក្យនីមួយៗបានដូចខាងក្រោម ៖
ទីកន្លែងរក្សា ឬដក់ទឹក
បឹង: គឺជាថ្នក់ល្ហាលទឹកធំល្វឹងល្វើយ កើតឡើងដោយធម្មជាតិ (ដោយបំណាក់ស្រុត ឬបន្ទុះភ្នំភ្លើង) ។ បឹងភាគច្រើនស្ថិតនៅទីទំនាប តាមវាល ក្នុងព្រៃ និងនៅជាប់ភូមិម្ករអ្នកស្រុក ។
បារាយណ៍: គឺជាថ្នក់ល្ហាលទឹកធំល្វឹងល្វើយដូចបឹងដែរ ប៉ុន្តែកើតឡើងដោយសារមនុស្សជីក ឬលើកទំនប់ទប់រក្សាទឹកទុកដើម្បីប្រើប្រាស់ ឬដើម្បីស្រោចស្រពដំណាំ ។ ពាក្យនេះច្រើនតែប្រើសំដៅទៅលើសំណង់ដែលបានកសាងឡើងពីបុរាណកាល ជាពិសេសគឺសម័យអង្គរ ។
អាង: គឺជាល្ហាលទឹក ជួនធំល្វឹងល្វើយ និងជួនមធ្យម កើតឡើងដោយសារមនុស្សលើកទំនប់ទប់រក្សាទឹកទុក ដែលគោលបំណងចម្បងគឺដើម្បីស្រោចស្រពដំណាំ ជាពិសេសដំណាំស្រូវ ។ អាងភាគច្រើនត្រូវបានកសាងឡើងនៅជាប់នឹងចង្កេះភ្នំ ជើងភ្នំ និងទីជម្រាល ដើម្បីងាយស្រួលក្នុងការបង្ហូរទឹកបញ្ជូនទៅតំបន់ដាំដុះទាបជាងនៅ ប៉ែកខាងក្រោម ។
ស្រះ: គឺជាទីដក់ទឹកធំ តែតូចជាងបឹង កើតឡើងពីការជីករបស់មនុស្ស ដើម្បីរក្សាទឹកទុកប្រើប្រាស់ ។ ស្រះភាគច្រើនស្ថិតនៅក្នុងភូមិ និងជាប់នឹងផ្ទះប្រជាពលរដ្ឋ (ខាងមុខ ខាងក្រោយ និងចំហៀងផ្ទះ) ។
ត្រពាំង: គឺជាទីដក់ទឹកធំដូចគ្នានឹងស្រះដែរ ប៉ុន្តែត្រពាំងកើតឡើងឯងពីធម្មជាតិ ។ ត្រពាំងភាគច្រើនស្ថិតនៅទីខ្ពស់ជាងទំនាបបឹង តាមវាល និងក្នុងព្រៃ ។
ថ្លុក: គឺជាទីដីក្រហូងតូចៗ តូចជាងស្រះ និងត្រពាំង ។ ជាទូទៅ ថ្លុកដក់ទឹកតែនៅរដូវវស្សា និងរីងស្ងួតនៅរដូវប្រាំង ។
បណ្ដាញផ្លូវទឹក
ទន្លេ: គឺជាផ្លូវទឹកធំៗ ទទួលទឹកពីព្រែក ហូរក្នុងរយៈចម្ងាយឆ្ងាយ សំដៅចាក់ទៅក្នុងសមុទ្រ ។
ព្រែក: គឺជាផ្លូវទឹកតូចជាងទន្លេ ជាដៃទន្លេ ដែលទទួលទឹក ឬ/និងហូរចាក់ចូលទៅទន្លេ ។ ព្រែកមាន២ប្រភេទគឺ ព្រែកធម្មជាតិ ជាព្រែកដែលហូរចាក់ចូលទៅក្នុងទន្លេ និងព្រែកជីក ជាព្រែកដែលទទួលទឹកពីទន្លេ កើតឡើងពីការជីករបស់មនុស្សដើម្បីរំដោះទឹកជំនន់ពីទន្លេ ឬដើម្បីនាំទឹកទៅស្រោចស្រពនៅតំបន់ទំនាបស្ថិតនៅឆ្ងាយពីទន្លេ ។
ស្ទឹង: គឺជាផ្លូវទឹកតូចជាងទន្លេ ជាដៃបឹង ហូរចាក់ចូលទៅក្នុងបឹង ។ ចំណែកឯស្ទឹងដែលហូរចាក់ទៅក្នុងសមុទ្រដោយផ្ទាល់គេហៅថា ព្រែក (លើកលែងតែស្ទឹងកំពត) ។ ក្រៅពីគោលដៅហូរចាក់ «ព្រែក» និង «ស្ទឹង» ខុសគ្នានៅត្រង់ស្ទឹងមានទឹកខួបប្រាំងវស្សា រីឯព្រែកវិញមានទឹកតែនៅរដូវវស្សា និងរីងស្ងួតនៅរដូវប្រាំង ។
ប្រឡាយ: គឺជាផ្លូវទឹកជីកដោយមនុស្សដើម្បីដឹកនាំទឹកចេញពីបឹង ស្ទឹង និងព្រែក ដើម្បីយកទៅស្រោចស្រពក្នុងផលិតកម្មកសិកម្ម ។
អូរ: គឺជាផ្លូវទឹកតូចៗ ហូរចេញពីកំពូលភ្នំ ទីជម្រាល និងទីខ្ពស់ដទៃទៀត ប្រមូលផ្ដុំគ្នាបង្កើតបានជាស្ទឹង និងព្រែក ។
កំណត់ការប្រើពាក្យ «ស្ទឹង» «ប្រឡាយ» «ព្រែក» និង «អូរ»
ស្រុកកំណើតរបស់ខ្ញុំជាវាលរាប ស្ថិតនៅឆ្ងាយពីទន្លេ និងសមុទ្រ មានស្ទឹងដ៏សំខាន់មួយហូរកាត់គឺ «ស្ទឹងមង្គលបូរី» ។ នៅទីនោះ និយមន័យវាក្យសព្ទខាងលើ អាចមានការប្រែប្រួលខ្លះសម្រាប់បរិបទផ្ទាល់នៅមូលដ្ឋាន ។ ផ្លូវទឹកដែលជីកដោយមនុស្សដើម្បីអូសទាញទឹកចេញពីស្ទឹងចូលទៅកាន់ វាលស្រែគេហៅថា «ប្រឡាយ» ។ ចំណែកឯផ្លូវទឹកធម្មជាតិដែលហូរពីតំបន់ភ្នំ និងទីខ្ពស់នៅខាងលើកាត់តាមវាលស្រែផ្ទាល់គេហៅថា «ព្រែក» ហើយផ្លូវទឹកតូចៗដែលនាំទឹកពីប្រឡាយ និងព្រែកកាត់ពីស្រែមួយទៅស្រែមួយ គេហៅថា «អូរ» ។
សូមអានអត្ថបទទាក់ទង ៈ អាថ៌កំបាំងនៃភូមិស្រុកក្នុងប្រទេសកម្ពុជា
ដកស្រង់ចេញពី ប្លុកឈូកខ្មែរ
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះបាន តែសូមជៀសវាងការប្រើពាក្យ អសុរសមិនសមរម។ អរគុណ!