Buddhism


  • ព្រះពុទ្ធ
    ២៦០០ឆ្នាំនៃការត្រាស់ដឹង
    ធម្មបណ្ឌិតហេង មណីចិន្តា

                ពាក្យថា ព្រះពុទ្ធ ដែលយើងគោរពបូជាសព្វថ្ងៃនេះ គឺជាបុគ្គលនាម សម្គាល់ដល់ យុវក្សត្រម្នាក់ ព្រះនាមថា​សិទ្ធត្ថ មានជីវិតរស់នៅក្នុងប្រទេសឥណ្ឌា ប្រហែលជា ២៦៣៥ ឆ្នាំមុន ដែលបានបួស និងស្វែង រកវិមុត្តិធម៌ គឺវិធីដើម្បីរំដោះខ្លួនអោយផុតពីទុក្ខ រហូតដល់ រកវិធីនោះឃើញ និងធ្វើខ្លួនអោយរួចផុតពីទុក្ខបាន ដោយវិធីនោះដោយខ្លួនឯង។ ការដែលព្រះសិទ្ធត្ថៈ រកឃើញវិធីដើម្បីរំដោះខ្លួនអោយផុតពីទុក្ខ ហើយខ្លួនលោក ក៏បាន រួចផុតពីសេចក្ដីទុក្ខនោះហៅថា ការត្រាស់ដឹងដែលក្នុងភាសាបាលី ហៅថា ពុទ្ធៈ។ ថ្ងៃដែលព្រះអង្គបានត្រាស់ដឹងនោះ ត្រូវនឹងថ្ងៃ១៥កើតខែពិសាខ មុនពុទ្ធសករាជ ឬមុនព្រះអង្គចូលបរិនិព្វាន ៤៥ឆ្នាំព្រះពុទ្ធអង្គរូបនេះទ្រង់ចូលបរិនិពា្វននៅថ្ងៃ១៥កើត ខែពិសាខក្នុងព្រះជន្ម៨០វស្សា បន្ទាប់ពីបានប្រើ ប្រាស់ការត្រាស់ដឹងរបស់ព្រះអង្គក្នុងការផ្សព្វផ្សាយ និងការបង្រៀនវិធីដោះស្រាយនោះ ដល់មនុស្សជាច្រើន អស់រយៈពេល៤៥ឆ្នាំ។ ការរាប់ឆ្នាំ សករាជរបស់ពុទ្ធសាសនា ក៏បានចាប់ផ្ដើមតាំងពីថ្ងៃ១រោចខែពិសាខ បន្ទាប់ ពីថ្ងៃដែលព្រះអង្គបរិនិព្វាន។
                នៅក្នុងព.ស ២៥០០ ប្រទេសកម្ពុជាបានប្រារព្ធនូវពធីបុណ្យមួយដ៏មហោឡារឹក ដើម្បី អបអរសាទរដល់ កាលដែលព្រះពុទ្ធសាសនា មានអាយុកាលគ្រប់២៥០០ឆ្នាំ នៅថ្ងៃវិសាខបូជា ព.ស ២៥០០ ដែលត្រូវនឹងថ្ងៃច័ន្ទ ១៥កើតខែពិសាសឆ្នាំរកា នព្វស័កឬទី១៣ឧសភា​ឆ្នាំ១៩៥៧។ ពេលនោះ ប្រជារាស្ត្រខ្មែរមានការរំភើបរីករាយ ណាស់ ហើយបាននាំគ្នានិយាយ ថា សំណាងណាស់បានកើតទាន់ពាក់កណ្ដាលសាសនា ។ ជនមានសទ្ធា ជាច្រើនបាននាំគ្នាបួសជាសមណពុទ្ធសាសនា ព្រោះមានជំនឿថាបានបុណ្យកុសលច្រើនណាស់។
                ឥឡូវនេះ កម្ពុជាយើងនឹងបានជួបនូវព្រឹត្តិការណ៏មួយទៀតដ៏សំខាន់ដូចគ្នាដែរ ឬក៏អាចសំខាន់ជាង ព្រឹត្តិការណ៍ នា  .ស ២៥០០ ទៀតផងក៏ថាបាន នុ៎ះគឺខួបគម្រប់២៦០០ឆ្នាំនៃការ បានត្រាស់ដឹងជាព្រះពុទ្ធ របស់ព្រះសមណគោតម! ព្រឹត្តិការណ៍ដ៏សំខាន់នោះ គឺត្រូវនឹងថ្ងៃ១៥កើត ខែពិសាខ ព.ស ២៥៥៥ ដោយថ្ងៃ នោះត្រូវនឹងថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១១។
                ការត្រាស់ដឹង គឺជាការសំខាន់ដែលមិនមានអ្វីប្រៀបប្រដូចបាន ព្រោះថាបើមិនមានការត្រាស់ដឹងទេ ក៏មិនមានព្រះពុទ្ធ និងមិនមានពុទ្ធសាសនាដែលខ្មែរ យើងគោរពបូជា ហើយដែលរដ្ឋាភិបាលខ្មែរ បានគោរពដាក់ បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញថា ជាសាសនារបស់រដ្ឋ។ វិធីរំលត់ទុក្ខ​គឺជាលទ្ធផលដែលកើតមកពីការត្រាស់ដឹង ជាផ្លូវ ដែលនាំទៅរកការរំលត់ទុក្ខ ដែលបុគ្គលណា ក៏អាចប្រើនូវវិធីនេះបានដែរ ហើយបើបានយកវិធីនេះយកមកប្រើ ឬ អនុវត្តដោយត្រឹមត្រូវ គ្រប់ គ្រាន់ទៅតាមលក្ខ័ណ្ឌនិងតម្រូវការរបស់វិធីរំលត់ទុក្ខនោះហើយ បុគ្គលនោះក៏នឹងអាច បានរូចផុតទុក្ខ និងក្លាយខ្លួនទៅជាព្រះពុទ្ធបានដូចជាព្រះសិទ្ធត្ថៈដែរ។
                វិធីសម្រាប់រំលត់ទុក្ខរបស់ព្រះពុទ្ធអង្គនេះ ក្នុងភាសាបាលីឬភាសាព្រះពុទ្ធ ហៅថា​ទុក្ខនិរោធគាមិនី បដិបទា  ប្រែអោយចំមានសេចក្ដីថា ការប្រព្រឹត្តដែល នាំទៅរកការរំលត់អស់ នូវសេចក្ដីទុក្ខ។ ទុក្ខនិរោធគាមិនីបដិបទានេះ ហៅម្យ៉ាងទៀតថា អដ្ឋង្គិកមគ្គ ប្រែថា មគ្គឬផ្លូវដែលប្រកបដោយអង្គ៨ ដែលរួមមាន៖
    1.         ការមានទស្សនៈត្រូវ            សម្មាទិដ្ឋិ
    2.      ការគិតត្រូវ                           សម្មាសង្កប្បៈ
    3.      ការនិយាយត្រូវ                      សម្មាវាចា
    4.      ការធ្វើអំពើត្រូវ                        សម្មាកម្មន្តៈ
    5.       ការចិញ្ចឹមជីវិតត្រូវ                 សម្មាអាជីវៈ
    6.       ការព្យយាមត្រូវ                      សម្មាវាយាមៈ
    7.     ការមានសតិត្រូវ                     សម្មាសតិ
    8.      ការធ្វើចិត្តអោយនឹងត្រូវ         សម្មាសមាធិ
    តើវិធីសម្រាប់រលត់ទុក្ខនេះអនុវត្តដោយរបៀបណា ?
                ក្នុងការអនុវត្តអង្គទាំង៨នៃវិធីរំលត់ទុក្ខនេះ អនុវត្តត្រូវ៖
    • ១.      សិក្សា វិធីដែលប្រកបដោយអង្គ៨នេះ អោយបានយល់ច្បាស់គ្រប់ជ្រុងជ្រោយ ទាំងព្យញ្ជនន័យ និងអត្ថន័យដែលបានសម្ដែងទុកដោយព្រះសម្មាសម្ពុទ្ធ
    ២.      ជឿជាក់ច្បាស់នៅក្នុងចិត្តថា
    ក.      ជីវិតនេះពិតជាមានសេចក្ដីទុក្ខមែន(ទុក្ខអរិយសច្ចៈ)
    ខ.      សេចក្ដីទុក្ខនេះ សុទ្ធតែកើតឡើងដោយអាស្រ័យហេតុ (ទុក្ខសមុទយអរិយសច្ចៈ)
    គ.      សេចក្ដីទុក្ខនេះ អាចរំលត់អោយអស់ទៅបាន (ទុក្ខនិរោធៈ)
    • ឃ.     ជឿច្បាស់ថា មានវិធីដែលអាចកំចាត់ហេតុដែលនាំអោយកើតសេចក្ដីទុក្ខនោះបាន ​(ទុក្ខនិរោធគាមិនីបដិបទា)
    • ៣.      ការអនុវត្តន៍នូវវិធីដែលមានអង្គទាំង៨នេះ ត្រូវមានលក្ខណៈជា មជ្ឈិមាបដិបទា ឬ មធ្យមប្រតិបទ ក្នុងភាសាសំស្ក្រឹតគឺ៖
    • A.    មិនតឹងហួសហេតុពេក (អត្តកិលមថានុយោគ)
    • B.     មិនធូររលុងពេក (កាមសុខល្លិកានុយោគ)
    • C.     ត្រូវមានលក្ខណៈជាមធ្យមឬដែលខ្មែរយើងតែងប្រើពាក្យថា ដើរផ្លូវកណ្ដាល
                ដូច្នេះការប្រារព្ធខួបនៃការត្រាស់ដឹងគម្រប់២៦០០ឆ្នាំនេះគឺជាការរំលឹកដាស់តឿន និងលើកទឹកចិត្ត ដើម្បីអោយកម្ពុជបុត្រគ្រប់រូប ងាកមករកការដោះស្រាយបញ្ហាជីវិតរបស់ខ្លួន បញ្ហាសង្គមបញ្ហា ប្រទេសជាតិ និងបញ្ហាពិភពលោកដោយ៖
    • 1.      វិធីដែលត្រឹមត្រូវ មានហេតុផលប្រកបដោយការសិក្សាច្បាស់លាស់(សម្មា)
    • 2.      ការជឿជាក់លើខ្លួនឯង និងសក្ដានុពលក្នុងឋានៈជាមនុស្ស(អរិយ) ជាជាងពឹងលើ អំណាចដែលនៅក្រៅខ្លួន មានវត្ថុសក្ដិសិទ្ធិ ទេវតា និងអាទិទេពនានា
    • 3.      ការអនុវត្តន៏ដែលមានលក្ខណៈជាកណ្ដាល ជាមធ្យម ផ្ដល់នូវផលប្រយោជន៍ ដល់គ្រប់គ្នាទាំងអស់ និងមិនបង្កអន្តរាយដល់នរណាមួយ(មជ្ឈិមា)

    អត្ថបទនេះចំលងចេញពីវិបសាយរបស់វត្តខេមររតនារាម សហរដ្ឋអាមេរិច។

    អានអត្ថបទដែលទាក់ទង៖

    Copyright 2010 ទូកមាស​. បន្ទាយមាស All Right Reversed.
    TOP