បង់បោយ ឲ្យមើលប្រាណ ដាំជើងក្រាន ឲ្យប្រមាណឆ្នាំង
អត្ថាធិប្បាយ
បង់បោយ ឲ្យមើលប្រាណ
យើងទាំងអស់គ្នាស្គាល់ពាក្យ «បង់បោយ» នេះហើយ ។ ពេលយើងដើរ ដៃទាំងពីរតែងយោលចុះឡើង ទៅមុខទៅក្រោយ ផ្ទុយចលនាគ្នា ។ មនុស្សខ្លះបង់បោយខ្លីៗ គឺថា ដៃទាំងពីរយោលបន្តិចបន្តួច ស្ទើរតែនៅស្ងៀម ។ បែបនេះក៏លោកមិនទាន់ចាត់ថា «ល្អ» នៅឡើយទេ ។ មនុស្សខ្លះទៀតបង់បោយវែងៗ គឺថា គេយោលដៃទៅមុខទៅក្រោយហួសឆ្ងាយពីខ្លួនរបស់គេ ។ បែបនេះក៏មិនទាន់ចាត់ថាត្រឹមត្រូវនៅឡើយដែរ ។
ដើម្បីបង់បោយឲ្យបានត្រឹមត្រូវ បុព្វបុរសយើងប្រាប់ថា ត្រូវមើលប្រាណ គឺខ្លួនយើងនេះសិន… មើលឲ្យដឹងថាតើខ្លួនយើងនេះមានទំហំប៉ុនណា ? រួចហើយបង់បោយកុំឲ្យហួសពីទំហំខ្លួន ទើបលោកចាត់ថា «ត្រឹមត្រូវ ហើយល្អមើលផង… មិនឈ្លើយ… មិនឆ្គង» ។
នេះគ្រាន់តែជាពាក្យឧបមា ។ ឯរឿងសំខាន់គឺរឿង «ដាំជើងក្រានឲ្យប្រមាណឆ្នាំង» ។ តើពាក្យនេះសំដៅទៅលើអ្វី ?
ដាំជើងក្រាន ឲ្យប្រមាណឆ្នាំង
តាមធម្មតា ចង្ក្រានមានទំហំខុសៗគ្នា សម្រាប់ទ្រឆ្នាំងដែលមានទំហំខុសៗគ្នា ។ មុននឹងធ្វើការចម្អិនអ្វីមួយ គេតោងទៅបង្កាត់ភ្លើងនៅនឹងចង្ក្រាន ។ តើត្រូវយកចង្ក្រានណាមួយ… តូច ឬធំ ? ការជ្រើសរើសនេះអាចធ្វើទៅបាន លុះត្រាណាតែចេះប្រមាណមើលទំហំឆ្នាំងសិន… តើឆ្នាំងដែលបម្រុងនឹងស្លនោះប៉ុនណាដែរ ? រួចហើយ គេត្រូវជ្រើសរើសយកចង្ក្រានណាមួយដែលល្មមនឹងទំហំឆ្នាំង ។ នេះជាពាក្យឧបមាទីពីរក្នុងរឿងដឹកនាំជីវិត ។
ការរស់នៅរាល់ថ្ងៃ ត្រូវពឹងផ្អែកទៅការប៉ាន់ស្មានមួយដែលមានសុភវិនិច្ឆ័យជាក់លាក់ ។ «ជើងក្រាន ឬ ចង្ក្រាន» ចាត់ទុកជា «ថវិកាគ្រួសារ» ។ «ឆ្នាំង» សំដៅទៅលើគម្រោងការអ្វីមួយដែលបម្រុងធ្វើ ដូចជា បើកហាងលក់ដូរ ទិញដី ទិញផ្ទះ ។ល។ បើយើងមានប្រាក់ត្រឹមតែ ៥ ពាន់ដុល្លា រួចគិតបើកហាងមាសមួយដែលត្រូវការចំណាយ ៣០ ម៉ឺនដុល្លា… តើសុបិននេះអាចក្លាយជាការពិតដែរឬទេ ? «ដាំជើងក្រានត្រូវប្រមាណឆ្នាំង» ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ចំលងចេញពីអត្ថបទរបស់៖ ឈូកខ្មែរ