បង់បោយ ​ឲ្យ​មើល​ប្រាណ ដាំ​ជើងក្រាន ឲ្យ​ប្រមាណ​ឆ្នាំង

បង់បោយ ​ឲ្យ​មើល​ប្រាណ ដាំ​ជើងក្រាន ឲ្យ​ប្រមាណ​ឆ្នាំង

អត្ថាធិប្បាយ

បង់បោយ ឲ្យ​មើល​ប្រាណ

យើង​ទាំងអស់​គ្នា​ស្គាល់​ពាក្យ​ «បង់បោយ» នេះ​ហើយ ។ ពេល​យើង​ដើរ ដៃ​ទាំង​ពីរ​តែង​យោល​ចុះ​ឡើង ទៅ​មុខ​ទៅ​ក្រោយ ផ្ទុយ​ចលនា​គ្នា ។ មនុស្ស​ខ្លះ​បង់បោយ​ខ្លីៗ គឺ​ថា ដៃ​ទាំង​ពីរ​យោល​បន្តិច​បន្តួច ស្ទើរ​តែ​នៅ​ស្ងៀម ។ បែប​នេះ​ក៏​លោក​មិន​ទាន់​ចាត់​ថា​ «ល្អ» ​នៅ​ឡើយ​ទេ ។ មនុស្ស​ខ្លះ​ទៀត​បង់បោយ​វែងៗ គឺ​ថា គេ​យោល​ដៃ​ទៅ​មុខ​ទៅ​ក្រោយ​ហួស​ឆ្ងាយ​ពី​ខ្លួន​របស់​គេ ។ បែប​នេះ​ក៏​មិន​ទាន់​ចាត់​ថា​ត្រឹមត្រូវ​នៅ​ឡើយ​ដែរ ។

ដើម្បី​បង់បោយ​ឲ្យ​បាន​ត្រឹមត្រូវ បុព្វបុរស​យើង​ប្រាប់​ថា ត្រូវ​មើល​ប្រាណ គឺ​ខ្លួន​យើង​នេះ​សិន​… មើល​ឲ្យ​ដឹង​ថា​តើ​ខ្លួន​យើង​នេះ​មាន​ទំហំ​ប៉ុន​ណា ? រួច​ហើយ​បង់បោយ​កុំ​ឲ្យ​ហួស​ពី​ទំហំ​ខ្លួន ទើប​លោក​ចាត់​ថា «ត្រឹម​ត្រូវ ហើយ​ល្អ​មើល​ផង​… មិន​ឈ្លើយ​… មិន​ឆ្គង» ។

នេះ​គ្រាន់​តែ​ជា​​ពាក្យ​ឧបមា ។ ឯ​រឿង​សំខាន់​​គឺ​រឿង «ដាំ​ជើង​ក្រាន​ឲ្យ​ប្រមាណ​ឆ្នាំង» ។ តើ​ពាក្យ​នេះ​សំដៅ​ទៅ​លើ​អ្វី ?

ដាំ​ជើងក្រាន ឲ្យ​ប្រមាណ​ឆ្នាំង

តាម​ធម្មតា ចង្ក្រាន​មាន​ទំហំ​ខុសៗ​គ្នា សម្រាប់​ទ្រ​ឆ្នាំង​ដែល​មាន​ទំហំ​ខុសៗ​គ្នា ។ មុន​នឹង​ធ្វើការ​ចម្អិន​អ្វី​មួយ គេ​តោង​ទៅ​បង្កាត់​ភ្លើង​នៅ​នឹង​ចង្ក្រាន ។ តើ​ត្រូវ​យក​ចង្ក្រាន​ណា​មួយ​… តូច ឬ​ធំ ? ការ​ជ្រើស​រើស​នេះ​អាច​ធ្វើ​ទៅ​បាន លុះត្រាណា​តែ​ចេះ​ប្រមាណ​មើល​ទំហំ​ឆ្នាំង​សិន​… តើ​ឆ្នាំង​ដែល​បម្រុង​នឹង​ស្ល​នោះ​ប៉ុន​ណា​ដែរ ? រួច​ហើយ គេ​ត្រូវ​ជ្រើស​រើស​យក​ចង្ក្រាន​ណា​មួយ​ដែល​ល្មម​នឹង​ទំហំ​ឆ្នាំង ។ នេះ​ជា​ពាក្យ​ឧបមា​ទី​ពីរ​ក្នុង​រឿង​ដឹកនាំ​ជីវិត ។

ការ​រស់​នៅ​រាល់​ថ្ងៃ ត្រូវ​ពឹង​ផ្អែក​ទៅ​ការ​ប៉ាន់​ស្មាន​មួយ​ដែល​មាន​សុភវិនិច្ឆ័យ​ជាក់លាក់ ។ «ជើងក្រាន ឬ ចង្ក្រាន» ចាត់​ទុក​ជា​ «ថវិកា​គ្រួសារ» ។ «ឆ្នាំង» សំដៅ​ទៅ​លើ​គម្រោងការ​អ្វី​មួយ​ដែល​បម្រុង​ធ្វើ ដូចជា បើក​ហាង​លក់​ដូរ ទិញ​ដី ទិញ​ផ្ទះ ។ល។ បើ​យើង​មាន​ប្រាក់​ត្រឹមតែ​ ៥​ ពាន់​ដុល្លា រួច​គិត​បើក​ហាង​មាស​មួយ​ដែល​ត្រូវ​ការ​ចំណាយ ៣០ ម៉ឺន​ដុល្លា​… តើ​សុបិន​នេះ​អាច​ក្លាយ​ជា​ការ​ពិត​ដែរ​ឬ​ទេ ? «ដាំ​ជើងក្រាន​ត្រូវ​ប្រមាណ​ឆ្នាំង» ។

ដោយ ម៉ែន រៀម សៀវភៅ​រសជាតិ​ភាសា​ខ្មែរ




ចំលងចេញពីអត្ថបទរបស់៖ ឈូកខ្មែរ

0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះបាន តែសូមជៀសវាងការប្រើពាក្យ អសុរសមិនសមរម។ អរគុណ!

អានអត្ថបទដែលទាក់ទង៖

Copyright 2010 ទូកមាស​. បន្ទាយមាស All Right Reversed.
TOP