អាថ៌កំបាំងនៃឈ្មោះភូមិស្រុកក្នុងប្រទេសកម្ពុជា
ឈ្មោះស្រុកភូមិដែលដូនតាខ្មែរយើងដាក់ឲ្យសុទ្ធតែមានស្នាមប្រវត្តិកប់ជាមួយជានិច្ច ។ ជួនកាលហៅឈ្មោះភូមិតាមហេតុការណ៍ប្រវត្តិសាស្ត្រ (ឧ. សៀមរាប ច្រកសៀម) ឬតាមព្រឹត្តិការណ៍ក្នុងជីវភាព (ឧ. ភូមិភ្លើងឆេះរទេះ កំពង់ចម្លង) ជួនកាលលោកហៅតាមស្ថានភាពភូមិសាស្ត្រ (ឧ. វាលវែង វាលសោះខ្យល់ ច្រាំងចំរេះ) ជួនកាលហៅតាមជំនឿសាសនា (ឧ. វិហារសួគ៌ ព្រះនិព្វាន) ជួនកាលលោកដាក់ឈ្មោះ «ដូន» (ឧ. ដូនទាវ ស្វាយដូនកែវ) ជួនកាលដាក់ឈ្មោះ «តា» (ឧ. តាសោម តាកែវ តាឡោ) ជួនកាល «មេ» (ឧ. មេមត់ មេសាង) ជួនកាលហៅ «បា» (ឧ. បាភ្នំ បាធាយ បាទី) ។
និយាយឲ្យខ្លី ឈ្មោះភូមិមួយ មានន័យមួយដោយឡែក មានបុគ្គលិកលក្ខណៈផ្ទាល់មួយរបស់គេដែលកូនខ្មែរត្រូវតែដឹង ហើយចេះស្រឡាញ់ ។
ភូមិស្រុកដែលមានទីតាំងនៅទីខ្ពស់
ភូមិស្រុកទាំងឡាយណាដែលមានពាក្យ ក្រាំង តាំង គោក ខ្នារ ដំបូក ទួល ទំនប់ ព្នៀត រលាំង និងអង្គ ច្រើនតែតាំងទីនៅលើដីខ្ពស់ ។
ក្រាំង
ភូមិណាដែលមានពាក្យ «ក្រាំង» ច្រើនតែតាំងនៅលើទួល កណ្ដាលវាល ដូចជា ក្រាំងម្កាក់ ក្រាំងពង្រ ក្រាំងធ្នង់ ក្នុងរាជធានីភ្នំពេញ ។
ខ្នារ
«ខ្នារ» គឺជាទួលខ្ពស់ព័ទ្ធជុំវិញត្រពាំង ដូចជា ត្រាំខ្នារក្នុងខេត្តតាកែវ ។
គោក
«គោក» គឺទួលកណ្ដាលវាល មិនលិចទឹក ដូចជា នៅភ្នំពេញមានទួលគោក ។
ដំបូក
«ដំបូក» បានដល់ពំនូកដីដែលកើតពីកណ្ដៀរពូន ឬពីធម្មជាតិ ដូចជា ភូមិដំបូកខ្ពស់ (កំពត) ព្រែកដំបូក (កំពង់ចាម) ។
តាំង
«តាំង» តាមសម្គាល់ជាទួលក្នុងព្រៃ ដូចជា តាំងក្រសាំង និងតាំងគោកស្ថិតក្នុងខេត្តកំពង់ធំ ។
ទួល
«ទួល» សំដៅទីដីខ្ពស់ជាងផ្ទៃដីធម្មតា ដូចជា ទួលសំរោង ទួលអម្ពិល ។
ទំនប់
«ទំនប់» គឺពំនូកដីលើកខ្ពស់ទប់ផ្លូវទឹក ។ ឈ្មោះភូមិដែលមានប្រើពាក្យនេះ ច្រើនស្ថិតនៅតាមស្រុកសម្បូណ៌ផ្លូវទឹក ដូចជា ទំនប់តាសួស ទំនប់ព្រែកត្នោត ។
ព្នៀត
«ព្នៀត» គឺទួលទាបសន្ធឹងពីមាត់បឹងរាក់ទៅទីខាងលើ ដូចជា ភូមិព្នៀត វត្តព្នៀត ។
រលាំង
«រលាំង» បានដល់ទួលដែលស្ថិតនៅជិតរំលិច ដូចជា រលាំងគ្រើល រលាំងចក អមលាំង (គឺអមរលាំង) ។ ភូមិដែលមានពាក្យរលាំងនេះ ច្រើនតែស្ថិតក្នុងខេត្តកំពង់ស្ពឺ ។
អង្គ
«អង្គ» គឺទួលធំមានស្រះ ។ តួយ៉ាងដូចជា អង្គតាសោម អង្គស្នួល អង្គតារាជ អង្គក្របី អង្គរកា អង្គសេរី ។ល។ គួរឲ្យឆ្ងល់ពេកណាស់ ឈ្មោះស្រុកភូមិដែលមានពាក្យអង្គ ច្រើនស្ថិតក្នុងខេត្តកណ្ដាល តាកែវ កំពង់ស្ពឺ និងកំពត តែប៉ុណ្ណោះ ។
ភូមិស្រុកដែលមានទីតាំងតាមទីទំនាប
ពាក្យ «ព្រែក» និង «ស្ទឹង» នេះសម្គាល់ផ្លូវទឹកដូចគ្នា តែរឿងដែលចោទធំនោះនៅត្រង់ថា ផ្លូវទឹកបែបណាហៅថា «ស្ទឹង» ហើយផ្លូវទឹកបែបណាទៀតយើងឲ្យឈ្មោះថា «ព្រែក» ។ មានការប្រកែកគ្នាច្រើនចំពោះចំណុចនេះ ។ អ្នកនៅជុំវិញមាត់បឹងទន្លេសាបច្រើនទាមទារថា ស្ទឹងធំជាងព្រែក ។ ឯអ្នកនៅតាមដងទន្លេធំសំអាងថា ព្រែកខ្លះនៅតាមទន្លេធំមានទំហំធំស្មើ ឬលើសស្ទឹងសែន ឬស្ទឹងសង្កែទៀត ។ គប្បីយើងពិចារណាផងចុះ ។ តែបើតាមអត្ថន័យក្នុងវចនានុក្រមខ្មែរបានចែងថា ៖
«ព្រែក» គឺជាជ្រលងប្រឡាយធំ ជាផ្លូវទឹកតពីទន្លេទៅបឹង ឬពីទីដទៃទៀតចូលទន្លេ‑សមុទ្រ ។ បើកើតដោយជីក គេហៅថា «ព្រែកជីក» ។
«ស្ទឹង» គឺផ្លូវទឹកដែលមានក្បាលហូរចេញពីភ្នំ ពីជ្រោះ ពីបឹង ពីអូរ ហូរធ្លាក់ចុះជួបនឹងទន្លេ ឬសមុទ្រ ។ ស្ទឹងមានតូច មានធំ ។
ចូរយើងពិនិត្យមើលផែនទីប្រទេសកម្ពុជាយើង ១. ផ្លូវទឹកទាំងឡាយណាដែលហូរចាក់ទៅបឹងទន្លេសាប ច្រើនមានឈ្មោះថា «ស្ទឹង» ២. ចំណែកឯ «ព្រែក» វិញ ច្រើនតែហូរចាក់ទៅក្នុងទន្លេធំ ឬទន្លេដទៃទៀត ។ តែគួរឲ្យល្អមើលណាស់ ផ្លូវទឹកតែមួយ មានឈ្មោះពីរបីខុសគ្នា ដូចជាផ្លូវទឹកមួយដែលហូរកាត់ខេត្តកំពង់ស្ពឺ គេនាំគ្នាហៅថា «ស្ទឹងកំពង់ស្ពឺ» មកដល់កន្ទួត គេហៅថា «ស្ទឹងកន្ទួត» ហូរមកដល់តាខ្មៅ វាប្ដូរឈ្មោះទៅជា «ព្រែកត្នោត» ទៅវិញ ។ បែបនេះ ពាក្យ «ស្ទឹង» ឬ «ព្រែក» គឺគេនិយមហៅតាមស្ថានភាពភូមិសាស្ត្ររបស់អ្នកស្រុកនីមួយៗ ។
ទន្លេ
«ទន្លេ» តាមធម្មតាពុំមានអ្វីជាបញ្ហាទេ តែគប្បីសម្គាល់ថា «ទន្លេសាប» គឺជាផ្លូវទឹកពីភ្នំពេញតាមកំពង់ឆ្នាំងដល់មាត់បឹងយ៉ាងធំ មានទីដ្ឋានដូចជាសមុទ្រទឹកសាប ។ តែតាមទម្លាប់យើងធ្លាប់ហៅថាជាទន្លេសាបហើយ ។
បឹង
«បឹង» សម្គាល់រហាលទឹកធំល្វឹងល្វើយ (ខ្លះធំខ្លះតូច) មានដីខ្ពស់ព័ទ្ធជុំវិញ ខ្លះមានប្រឡាយជ្រលង ព្រែក ស្ទឹង ទន្លេ សម្រាប់ទឹកចេញ‑ចូល ។ ភូមិអ្នកស្រុកដែលមានឈ្មោះបឹងគឺ បឹងព្រួល (កំពង់ចាម) បឹងមាលា ជាទីដែលមានប្រាសាទបុរាណដ៏ត្រចះត្រចង់ក្នុងខេត្តសៀមរាប ។
ត្រពាំង
«ត្រពាំង» កើតឡើងដោយធម្មជាតិ ឬមនុស្សជីកធំជាងថ្លុក ដូចជា ត្រពាំងរូង ក្នុងខេត្តកោះកុង ខេត្តព្រះត្រពាំងនៅកម្ពុជាក្រោម ត្រពាំងជង ក្នុងខេត្តពោធិ៍សាត់ ។
ថ្លុក
«ថ្លុក» គឺទីដីក្រហូងដែលដក់ទឹកភ្លៀងនៅរដូវវស្សា តូចជាងត្រពាំង ច្រើនតែកើតឡើងដោយក្របីដេក ។ ភូមិដែលមានពាក្យថ្លុកគឺ ភូមិថ្លុកជ្រៅ នៅក្នុងខេត្តកំពង់ចាម ។
ស្រះ
«ស្រះ» ជាដីក្រហូងដែលមនុស្សជីកដើម្បីយកទឹកប្រើប្រាស់ ។ ឧទាហរណ៍ៈ ស្រះស្រង់ ស្រះចក ភូមិស្រះព្រីងក្នុងខេត្តកំពង់ចាម ។
អូរ
«អូរ» ជាជ្រលងទឹកដែលច្រើនតែរីងនៅរដូវប្រាំង ដូចជា អូរដំបង អូរតាគី អូរតាកែ អូររាំងឪ ជាឈ្មោះស្រុកភូមិដែលតាំងទីនៅមាត់ជ្រលងបែបនេះ ។ (នៅស្រុកកំណើតរបស់ខ្ញុំ មានភូមិ៤នៅជាប់គ្នាសុទ្ធតែមានឈ្មោះអូរគឺ អូរអណ្ដូង អូរស្ងួត អូរប្រាសាទ និងអូរជួប) ។
រំលិច
«រំលិច» ជាអន្លង់ទឹកមានសណ្ឋានទ្រវែង ទាល់ចុងទាល់ដើម ពុំមានទឹកហូរចេញ ច្រើនច្រឡំនឹងអូរ ជួនកាលមានពើក ឬស្មៅដុះអណ្ដែតពីលើទឹកអាចដើរបាន ។ ភូមិដែលតាំងទីនៅមាត់អន្លង់បែបនេះមានឈ្មោះថា «រំលិច» ។ ឃុំមួយនៅក្នុងស្រុកកំពង់សៀម (កំពង់ចាម) មានឈ្មោះថា ឃុំរំលិច ។
ខ្ពប
«ខ្ពប» គឺកន្លែងថ្នក់ទឹក កើតឡើងដោយដីដុះថ្មីឱបជាប់នឹងច្រាំងចាស់ ច្រើនមាននៅតាមដងទន្លេ ឬស្ទឹងធំៗ ដូចជា ឃុំខ្ពប នៅបាត់ដំបង ខ្ពបតាយ៉ង នៅភ្នំពេញ ។
ជាំ
«ជាំ» ជាទីទំនាបដែលបៀបទឹក ប្រើជាឈ្មោះភូមិមាន ជាំក្សាន្ត (ព្រះវិហារ) ជាំសង្កែ (កំពង់ស្ពឺ) ជាំត្រា (កោះកុង) ។
ជប់
«ជប់» គឺកន្លែងដែលស្រូប ឬបឺតទឹក ដូចជា ជប់ភ្នំ ទឹកហូរមកពីជប់ ។ល។ ឯភូមិដែលមានឈ្មោះនេះគឺ ភូមិជប់ ចម្ការកៅស៊ូជប់ ឃុំជប់វ៉ារី (បន្ទាយមានជ័យ) ។ល។
អន្លង់
«អន្លង់» ជាទីទឹកដែលជ្រៅជាងគេនៅក្នុងទន្លេ បឹង ឬស្ទឹង ល្មមតែឲ្យលង់បាន ។ ភូមិដែលមានឈ្មោះនេះគឺ អន្លង់វែង (ឧត្ដរមានជ័យ) អន្លង់ត្នោត (ពោធិ៍សាត់) ។ ប៉ុន្តែ «អន្លង់កំពត» សំដៅជង្ហុកនៅតាមផ្លូវថ្នល់កើតឡើងដោយសារកង់រទេះ ។
ជ្រលង
«ជ្រលង» គឺច្រកជ្រៅជាផ្លូវទឹកដែលមានភ្នំពីរនៅសងខាង ។ ឧ. ភូមិជ្រលង ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ប្រឡាយ
«ប្រឡាយ» គឺជ្រលងតូចៗដែលគេជីក ។ ភូមិដែលមានឈ្មោះនេះគឺ ឃុំប្រឡាយ (កំពង់ធំ) ភូមិប្រឡាយចារ (បន្ទាយមានជ័យ) ។
គូ
«គូ» គឺស្នាមភ្លោះដែលព័ទ្ធជុំវិញបន្ទាយ ឬវាំង បុរាណហៅថា «កសិណ» ។ ទឹកដែលនៅជុំវិញប្រាសាទអង្គរវត្តហៅថា «កសិណ» ។ ឧ. ភូមិបន្ទាយគូ ភូមិព្រែកគូ (ក្រចេះ) ។
អណ្ដូង
«អណ្ដូង» ពាក្យសម្គាល់ទីដែលមានទឹកដោយជីកយ៉ាងជ្រៅ ។ ឧ. អណ្ដូងពេជ្រ (រតនៈគីរី) អណ្ដូងពោធិ៍ (កំពង់ធំ) អណ្ដូងស្នាយ (កំពង់ឆ្នាំង) ។
កំពង់
ពាក្យថា «កំពង់» មានការដណ្ដើមគ្នារវាងឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងខ្មែរយើង តែម្ដង ។ ក្នុងជម្លោះនេះ អ្នកប្រាជ្ញបារាំងខ្លះប្រញាប់តែកាន់ជើងឥណ្ឌូនេស៊ី ។ គេនោះនិយាយថា ពាក្យកំពង់ខ្មែរ ត្រូវតែមកពីឥណ្ឌូនេស៊ី ព្រោះពេលនោះគេស្គាល់ឥណ្ឌូនេស៊ីច្បាស់ជាងស្គាល់ខ្មែរ ។ សន្និដ្ឋានបែបនេះពុំសមទេ ព្រោះជនជាតិឥណ្ឌូនេស៊ីពីដើមមានកំណើតចេញពីដីគោកលើជ្រោយ សុវណ្ណភូមិយើងមុននឹងទៅតាំងនៅដីកោះសព្វថ្ងៃនេះ ។ ចេញពីដីគោក «ដីសុវណ្ណភូមិ» យើង ជាតិឥណ្ឌូនេស៊ីកណ្ដៀតយកពាក្យ «កំពង់» ទៅជាមួយផង ។
«កំពង់» ក្នុងភាសាខ្មែរសំដៅទីនៅមាត់ទឹក ឬកន្លែងដែលគេចុះទៅដង ឬងូតទឹក ។ ឧ. ទៅងូតទឹកឯកំពង់ ។ ដល់កំពង់លង់ទូក ។ នៅប្រទេសយើងទីស្ថានមានឈ្មោះកំពង់ច្រើន ដូចជា ខេត្តកំពង់ធំ កំពង់ចាម កំពង់ស្ពឺ កំពង់ឆ្នាំង ។ ក្រៅពីឈ្មោះខេត្ត មានឈ្មោះស្រុកឃុំភូមិជាច្រើនទៀត ដូចជា កំពង់ហ្លួង ជាផែសេដ្ឋកិច្ចសម្រាប់រាជធានីឧត្ដុង្គ កំពង់ត្រាច (កំពត) ធ្លាប់ជាផែសម័យនគរភ្នំ ។
ពាក្យ «កំពង់» ភាសាឥណ្ឌូនេស៊ីថា កំពង់ជាភូមិ ឬទីប្រជុំសំណង់ទាំងឡាយ រួមបានជាភូមិតូចមួយ មានដើមឈើ ឬសួនច្បារនៅចម្រុះព័ទ្ធជុំវិញ ។ ឥណ្ឌូនេស៊ីសរសេរជា Kampung ខ្មែរសរសេរជាអក្សរបារាំងជា Kampong ដែរ ។ នៅឥណ្ឌូនេស៊ីពុំសូវមានឈ្មោះភូមិមានឈ្មោះកំពង់ដូចនៅឯស្រុកខ្មែរទេ ។
ច្រាំង
«ច្រាំង» ជារឹមទន្លេ ស្ទឹង សមុទ្រ ច្រើនចោតជាងឆ្នេរ ។ ភូមិដែលមានពាក្យច្រាំងបានដល់ភូមិច្រាំងចំរេះ ។
ឆ្នេរ
«ឆ្នេរ» គឺមាត់ស្ទឹង ទន្លេ ឬសមុទ្រ ត្រង់ដែលមានសណ្ឋានជ្រាល មានផ្នូរខ្សាច់រាបស្រួល ។ ឧ. ឆ្នេរខ្សាច់ ឆ្នេរកែប ។
ពាម
«ពាម» បានដល់ទីដែលមានព្រែក ឬស្ទឹងជួបនឹងទន្លេ ជួបនឹងសមុទ្រ ។ ភូមិណាដែលមានទីតាំងនៅកន្លែងបែបនេះ មានពាក្យពាម នៅជាមួយទាំងអស់ ។ ឧ. ពាមជីកង ពាមជីលាំង (កំពង់ចាម) ពាមរ ពាមជរ ពាមមន្ទារ (ព្រៃវែង) ពាមផ្លុង (ភ្នំពេញ ចាស់ៗទើបស្គាល់) ពាម (ហាទៀង) នៅកម្ពុជាក្រោម ។
ជ្រោយ
«ជ្រោយ» ដីដែលលយចូលទៅក្នុងទន្លេ ឬសមុទ្រ ឬស្ទឹង ។ ឧ. ជ្រោយចង្វារ ក្បាលជ្រោយ ជ្រោយយួនយំ ។
ឆក ឈូង ញោច និង កៀន
«ឆក និងឈូង» ជាញោចសមុទ្រ ទន្លេ ស្ទឹង ដែលជាញក ជាកៀនចូលក្នុងច្រាំង ។ ឧ. ឆកកំពង់សោម ឈូងសមុទ្ទថៃ ។
«ញោច» សម្គាល់របត់នៅតាមទន្លេ ព្រែក ស្ទឹង ។
«កៀន» សម្គាល់ញោចតូច ។ ឧ. ស្រុកកៀនស្វាយ (កណ្ដាល) កៀនឃ្លាំង (ភ្នំពេញ) ។
ដកស្រង់ពីសៀវភៅ «ប្រវត្តិស្រុកបាភ្នំ» ស្រាវជ្រាវដោយលោក ឡុង គារ
សូមអានអត្ថបទទាក់ទងស្ដីអំពីៈ វាក្យសព្ទខ្មែរទាក់ទងនឹងបណ្ដាយផ្លូវទឹក
សូមអានអត្ថបទទាក់ទងស្ដីអំពីៈ វាក្យសព្ទខ្មែរទាក់ទងនឹងបណ្ដាយផ្លូវទឹក
ចំលងចេញពី ប្លុកឈូកខ្មែរសូមអញ្ចើញអានបន្ថែមពីប្លុកឈូកខ្មែរ។អរគុណ !
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះបាន តែសូមជៀសវាងការប្រើពាក្យ អសុរសមិនសមរម។ អរគុណ!