ប្រវត្តិព្រះត្រៃបិដកខ្មែរនិង​ព្រះកែវមត៌ក

ប្រវត្ដិ​ព្រះ​ត្រៃបិដក​ ​និង​ព្រះ​កែវមរកត​ ដែល​បាន​ចូល​ដល់​ស្រុក​ខ្មែរ​
នៅ​ឆ្នាំរោង​ ​ព.ស​១២០០​ ត្រូវ​គ.ស​៦៥៦ ក្នុង​រជ្ជកាល​ព្រះបាទ​បទុមសូរ្យវង្ស​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១១​ ​ដែល​មាន​ព្រះ​នេត្រ​ទិព្វ​ ​មាន​សំពៅ​មួយ​គ្រឿង​ត្រូវ​ខ្យល់ព្យុះសង្ឃរា​វាយ​បោកបក់​យ៉ាង​ខ្លាំង​ ​បាន​រសាត់អណ្ដែត​មក​កឿង​គល់​ចត​នៅ​កំពង់​ផែ​ព្រះ​មហានគរ ។​ ​សំពៅ​នោះ​ត្រូវ​បែកបាក់​ធ្លុះធ្លាយ​ដោយសារ​កម្លាំង​ទឹក​រលក​រុញ​បោក​ច្រាន​ទៅ​បះ​នឹង​ផ្ទាំង​ថ្ម​ ​តែ​ពង្សាវតារ​វត្ដ​កោកកាក​បាន​សរសេរ​ថា​ ​សំពៅ​បាន​មក​កឿង​នៅ​ត្រង់​ដង​ទន្លេ​ក្នុង​ខេត្ដ​បន្ទាយមាស ។​
សំពៅ​នោះ​មាន​ដឹក​ជញ្ជូន​នូវ​គម្ពីរ​ព្រះ​ត្រៃបិដក​(ត្រៃ​ ​ឬ​ត្រ័យ​ ​ឬ​ត្រី​ ​មាន​ន័យ​ថា​បី ។​ ​ឯ​បិដក​ប្រែ​ពី​សំស្ក្រឹត​មក​បាន​សេចក្ដី​ថា​កញ្ជើ​ ​ល្អី​ ​ថាស​ ​ឬ​ភាជន៍ ។​ ​ដូច្នេះ​ព្រះ​ត្រៃបិដក​ជា​ល្អី​បី​ ​ដែល​គេ​តម្កល់​ព្រះធម៌​ ​ព្រះ​ត្រៃបិដក​ ​ឬ​ធម៌​ក្នុង​ព្រះពុទ្ធ​សាសនា​មាន​ចែក​ចេញ​ជា​បី​គឺ​ ​១‑វិន័យ​បិដក​ ​ដែល​រៀបរាប់​អធិប្បាយ​អំពី​វិន័យ​ ​និង​បទ​បញ្ញត្តិ, ​២‑សត្ដន​បិដក​ ​ដែល​ជា​ព្រះពុទ្ធ​ឱវាទ​ ​ឬ​ជា​អត្ថបទ​ដើម​ផ្សេងៗ,​ ២‑អភិធម្ម​បិដក​ ​ដែល​ពណ៌នា​ ​អធិប្បាយ​វែកញែក​អំពី​ចិត្ដ​ ​ចេតសិក​ ​ការ​កើត​ ​ឈឺ​ ​ចាស់​ ​ស្លាប់​ ​រូប​ ​និង​និព្វាន) និង​ព្រះ​ពុទ្ធរូប​ព្រះ​កែវមរកត​(ក្នុង​ព.ស​៥០០​ ​ដោយ​ព្រះសង្ឃ​ព្រះ​មហានាគ​សេន​ ​គង់នៅ​នគរ​បាតលីបុត្ត​ ​មាន​បំណង​ចង់​យក​ត្បូង​មុនី​ជោគ​មក​ឆ្លាក់​កសាង​ព្រះពុទ្ធ​បដិមាករ​ ​ព្រះ​ឥន្ទ្រាធិរាជ​ក៏​បញ្ចេញ​ព្រះ​វិស្សកម្ម​ទេវបុត្រ​ ​ឲ្យ​យក​ត្បូង​មរកត​ពី​ភ្នំ​វិបុលបព៌ត​មក​កសាង​ព្រះពុទ្ធរូប ។​ ​អស់​រយៈពេល​៧​យប់​៧​ថ្ងៃ​ ​ព្រះ​វិស្សកម្ម​ទេវបុត្រ​បាន​កសាង​ព្រះ​កែវមរកត​ហើយ​ ​ដោយ​មាន​ទាំង​បញ្ចុះ​ព្រះ​អដ្ឋិធាតុ​ព្រះពុទ្ធ​សមណគោតម​ប្រាំពីរ​ក្នុង​នោះ​ផង ។​ ​គឺ​១​ក្នុង​ព្រះ​កេស​ ២​ក្នុង​ទ្រូង​ឆ្វេង​ស្ដាំ​ ២​ក្នុង​បាត​ព្រះហស្ថ​ឆ្វេង​ស្ដាំ និង​២​ទៀត​ក្នុង​ព្រះបាទ ។​ ​ដំបូង​ ​ព្រះ​កែវមរកត​គង់នៅ​នគរ​បាតលីបុត្ត ។​ ​កាលនោះ​ព្រះ​មហានាគ​សេន​បាន​ទាយ​ទុកជា​មុន​ថា​ ​«ព្រះ​ពុទ្ធរូប​ព្រះ​កែវមរកត​ត្រូវ​គង់នៅ​នគរ​បាតលីបុត្ត​ ​៣៥​ឆ្នាំ នៅ​កោះ​លង្កា​ចំនួន​ ​៤៥០​ឆ្នាំ នៅ​ឥន្ទបត្តបុរី​ ​ឬ​ស្រុក​ខ្មែរ​២០៨​ឆ្នាំ​ ​នៅ​ស្រុក​លាវ​៨១៧​ឆ្នាំ​ ​និង​ចុង​ក្រោយ​នៅ​ទីក្រុង​រតន​បុរី​ស្រីអយុធ្យា​ ​ប្រទេស​សៀម​រហូត​ដល់​ព្រះបាទ​ធម្មិករាជ្យ​បាន​ត្រាស់​ដឹង​ ​យាង​មក​លើក​ស្ទួយ​តម្កើង​ព្រះពុទ្ធ​សាសនា​ ​នេះ​បើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល​ ​ក្នុង​ស្រុក​ស្អាង​ ​ខេត្ដកណ្ដាល ។​ ​នៅ​ឆ្នាំមមែ​ ​ព.ស​៨៥០​ ​ត្រូវ​គ.ស.​៣០០ ដោយ​មាន​សង្គ្រាម​រាំងជល់​យ៉ាង​ខ្លាំងក្លា​នៅ​នគរ​បាតលីបុត្ត​ ​ស្ដេច​កោះ​លង្កា​ក៏​ទៅ​សុំ​យក​មក​តម្កល់​ទុក​បូជា​ក្នុង​នគរ​របស់​ខ្លួន​តរៀង​មក ។) ឯការ​មក​ដល់​សំពៅ​នេះ​ ​គឺ​សុទ្ធតែ​ជា​រឿង​ចៃដន្យ​ដែល​គ្មាន​នរណា​ម្នាក់​បាន​គ្រោងទុក​ដឹង​ជា​មុន​ឡើយ ។​ព្រឹត្ដិការណ៍​ចម្លែក​មិន​ធ្លាប់​មាន​នេះ​ ​បាន​ធ្វើ​ឲ្យ​នាម៉ឺន​រាជការ​តូច​ធំ​ផ្អើល​ច្រួល​ច្របល់​នាំ​គ្នា​កុះករ​ ​ចុះ​ទៅ​កំពង់​ផែ​សាកសួរ​ចង់​ដឹង​ព័ត៌មាន ។​
បុព្វហេតុ​ដើមដំបូង​
កាលនោះ នៅ​ប្រទេស​មាឡាន​ ​ឬ​ប្រទេស​លាវ​ ​មាន​ស្ដេច​មួយ​អង្គ​ ​ព្រះ​នាម​ធម្មាអនុរថ​(អ្នក​ស្រាវជ្រាវ​ខ្លះ ដូចជា​លោក G. Coedes សម្គាល់​ថា ស្ដេច​អង្គ​នេះ​សោយរាជ្យ​នៅ​ប្រទេស​ភូមា) ។ ព្រះ​អង្គជា​ស្ដេច​លាវ​មួយ​អង្គ​ ​ព្រះ​អង្គ​មាន​ឫទ្ធានុភាព​ខ្លាំងពូកែ​អស្ចារ្យ ។​ ​ព្រះ​អង្គ​បាន​បញ្ជា​ ​និង​បញ្ជូន​សំពៅ​ពីរ​គ្រឿង​ ​ដោយ​មាន​ព្រះសង្ឃ​ និង​ក្រុម​ដើរ​សំពៅ​រួម​ដំណើរ​ផង​ ​ឲ្យ​ចេញ​ឆ្ពោះទៅ​កោះ​សេរីលង្កា​ ​ដើម្បី​នឹង​សុំ​ចម្លង​ព្រះ​ត្រៃបិដក ។​ ​សំពៅ​ទាំង​ពីរ​ត្រូវ​ចេញ​ដំណើរ​ទៅ​មុន​ព្រះ​អង្គ​ ​បន្ទាប់​ទើប​ព្រះ​អង្គ​ឡើង​ជិះសេះ​ហោះ​សំដៅ​តម្រង់​ទៅ​កោះ​សេរីលង្កា​ជា​ក្រោយ ។​
ទៅ​ដល់​កាលណា​ ​ព្រះបាទ​ធម្មាអនុរថ​ ​សុំ​សេចក្ដី​អនុញ្ញាត​ពី​ព្រះមហាក្សត្រ​កោះ​សេរីលង្កា​ដើម្បី​ចម្លង​ព្រះ​ត្រៃបិដក​ដែល​សរសេរ​ចងក្រង​ជា​ភាសា​មគ្គធៈ​(ភាសា​បាលី) ។ ចម្លង​ចប់​សព្វគ្រប់​ហើយ​ ​ព្រះ​អង្គ​សុំ​ព្រះ​ពុទ្ធរូប​ព្រះ​កែវមរកត​ទៀត ។​ ​ព្រះរាជា​កោះ​សេរីលង្កា​ក៏​ប្រទាន​ទៅ​តាម​ការ​គួរ ។​ ​គេ​បាន​តម្កល់​ព្រះ​កែវមរកត​ ​និង​ព្រះ​ត្រៃបិដក​ ​ដែល​ចម្លង​ដោយ​អ្នកស្រុក​ប្រទេស​លាវ​ក្នុង​សំពៅ​មួយ​ ​ចំណែកឯ​ព្រះ​ត្រៃបិដក​ដែល​ចម្លង​ដោយ​អ្នកស្រុក​កោះ​សេរីលង្កា​ ​ត្រូវ​តម្កល់​ទុក​ក្នុង​សំពៅ​ពីរ ។​ ​រៀបចំ​រួច​ស្រេចបាច់​ហើយ​ ​ស្ដេច​លាវ​បញ្ជា​ឲ្យ​សំពៅ​ទាំង​ពីរ​ចេញដំណើរ​ត្រលប់​ទៅ​មុន ។​ ​ឯ​ព្រះ​អង្គ​វិញ​ទ្រង់​ឡើង​ជិះសេះ​ ​ហោះ​ទៅ​តាម​ជា​ក្រោយ ។​
មក​តាម​ផ្លូវ​ ​ដល់​កណ្ដាល​មហានគរ​ ​ខ្យល់ព្យុះសង្ឃរា​មួយ​យ៉ាង​ធំ​ ​បាន​បោកបក់​ធ្វើ​ឲ្យ​សំពៅ​ទាំង​ពីរ​វង្វេង​បែកផ្លូវ​គ្នា​ សំពៅ​ដែល​មាន​ដឹក​ជញ្ជូន​ព្រះ​ត្រៃបិដក​ ​និង​ព្រះ​ពុទ្ធរូប​ព្រះ​កែវមរកត​ ​ត្រូវ​បែកបាក់​ខូចខាត​ធ្លុះធ្លាយ​ ​ហើយ​រសាត់អណ្ដែត​មក​កឿង​ចត​តាម​ឆ្នេរ​សមុទ្ទ​ខ្មែរ​ ​ចំពោះ​ពង្សាវតារ​វត្ដ​ទឹកវិល​ ​សំពៅ​នេះ​បាន​មក​កឿង​ចត​នៅ​កោះ​ឫស្សីកែវ​ ​ក្នុង​សំពៅ​នោះ​មាន​ព្រះពុទ្ធ​ ​ព្រះ​កែវមរកត​ ​កែវព្រះភ្លើង​ ​ព្រះ​ឧណ្ណាលោម​(គេ​មិន​បានដឹង​ច្បាស់​ថា​ ​ជា​រោម​ជុំ​ចិញ្ចើម​របស់​ព្រះពុទ្ធ​ ​ឬ​របស់​ព្រះ​មហាថេរ​អង្គ​ណាមួយ​ឡើយ) វិន័យ​បិដក​ ​និង​អភិធម្ម​បិដក​ ​គណៈសង្ឃ​លាវ​ដែល​ដង្ហែ​តាម​មក​ជាមួយ​មាន​ប្រាំមួយ​អង្គ​ ​ព្រះសង្ឃ​ដែល​មាន​ឋានៈ​ធំ​ជាងគេ​ ​មាន​ព្រះ​នាម​ព្រះពុទ្ធឃោសា ។​ ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រេក​អរសាទរ​ជា​អតិបរមា​ ​កាលបើ​បានដឹង​មាន​ភ័ព្វ​វាសនា​អាច​ធ្វើបុណ្យ​កសាង​កុសល​ក្នុង​ព្រះពុទ្ធ​សាសនា​ គេ​នាំ​គ្នា​ស្រុះស្រួល​រួម​កម្លាំង​មូល​មី​កុះករ​ ​កសាង​សង់​វត្ដ​ប្រាំ​ ​គឺ​ ​វត្ដ​លង្កា​ ​សម្រាប់​តម្កល់​ព្រះ​ត្រៃបិដក​ ​វត្ដ​ឧណ្ណាលោម​ដែល​នៅ​ទីនោះ​គេ​បាន​សង់​ចេតិយ​មួយ​យ៉ាង​ធំ​នៅ​ខាងក្រោយ​ព្រះវិហារ​ ​សម្រាប់​តម្កល់​បូជា​រោម​ប្រជុំ​ចិញ្ចើម​ ព្រះពុទ្ធ​វត្ដ​កែវព្រះភ្លើង​ ​សម្រាប់​តម្កល់​កែវព្រះភ្លើង​ ​វត្ដ​ព្រះពុទ្ធឃោសា​ ​សម្រាប់​ទទួល​ព្រះសង្ឃ​លាវ​ ​និង​វត្ដ​ព្រះពុទ្ធមានបុណ្យ​សម្រាប់​តម្កល់​បូជា​ព្រះ​កែវមរកត ។​
គ្រានោះ​ ​ចៅពញា​រាជាមេត្រី​ ​ស្ដេចត្រាញ់​នៅ​ស្រុក​ឫស្សីកែវ​បាន​ធ្វើ​ចុតហ្មាយ​ថ្វាយ​ទៅ​ទូល​ព្រះមហាក្សត្រ​ព្រះបាទ​បទុមសូរ្យវង្ស​ ​ក្រុម​មន្ដ្រី​ក៏​បាន​យក​ដំណឹង​នេះ​ ​ទៅ​ទូល​ថ្វាយ​ស្ដេច​ជា​បន្ទាន់ ។​ ​ព្រះ​អង្គ​ទ្រង់​សប្បាយ​រីករាយ​ក្នុង​ហឫទ័យ​ឥតឧបមា​ ​ហើយ​ចេញ​បញ្ជា​បង្គាប់​ឲ្យ​រៀបចំ​ជា​ពិធី​មាន​ក្បួន​ចុះ​ទៅ​ក្រាប​ថ្វាយបង្គំ​សុំ​និមន្ដ​ដង្ហែ​ព្រះ​កែវមរកត​ ​ព្រះ​ត្រៃបិដក​ ​និង​ព្រះសង្ឃ​ឡើង​ចូល​មក​ក្នុង​ព្រះ​នគរ ។​ ​ឯកសារ​ដដែល​សរសេរ​ថា​ ​ព្រះបាទ​បទុមសូរ្យវង្ស​បាន​ធ្វើ​ដំណើរ​យាង​តាម​ទន្លេ​ ​ចុះ​មក​ស្រុក​ឫស្សីកែវ​ ​ដើម្បី​ចូលរួម​ក្នុង​ការ​កសាង​វត្ដ​អារាម​ទាំង​អស់នោះ ។​
ព្រះសង្ឃ​ ​និង​អ្នក​ដើរ​សំពៅ​លាវ​ ​រិះគិត​នឹក​ពិចារណា​ឃើញ​ថា​ សំពៅ​របស់​ខ្លួន​ត្រូវ​ខូចខាត​ខ្ទេចខ្ទី​អស់​ ​គ្មាន​លទ្ធភាព​នឹង​អាច​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​បាន​ឡើយ​ ​ហើយ​ម្យ៉ាងទៀត​ព្រះមហាក្សត្រ​ខ្មែរ​ក៏​មាន​ទសពិធរាជធម៌​ ​មានបុណ្យ​បារមី​ ​និង​គោរព​បូជា​ព្រះពុទ្ធ​សាសនា​ដែរ​ ​ដូច្នេះ​ហើយ​ទើប​បានជា​លាវ​ទាំងអស់​គ្នា​សុខចិត្ដ​យល់ព្រម​ប្រគល់​ថ្វាយ​ព្រះ​ត្រៃបិដក​ ​និង​ព្រះ​កែវមរកត​ ​ព្រមទាំង​ចុះចូល​ស្ម័គ្រចិត្ដ​បម្រើ​ព្រះមហាក្សត្រ​ខ្មែរ​ ​ចាប់តាំងពី​ថ្ងៃ​នោះ​ត​មក ។​ ​ក្បួន​ធំ​ឱឡារិក​មួយ​ត្រូវ​បាន​រៀបចំ​យ៉ាង​គគ្រឹកគគ្រេង​ ​ទៅ​ដង្ហែ​ព្រះ​កែវមរកត​ ​និង​ព្រះ​ត្រៃបិដក​យក​មក​តម្កល់​ទុក​ក្នុង​ប្រាសាទ​នគរវត្ដ ។​ ​មិនតែប៉ុណ្ណោះ​ព្រះរាជា​បាន​បញ្ជា​ឲ្យ​ធ្វើ​បុណ្យ​ទាន​យ៉ាង​អឹកធឹក​ពាសពេញ​ទូទៅ​ទាំង​ប្រទេស​ ​ដើម្បី​អបអរសាទ​ស្វាគមន៍​ចំពោះ​ព្រឹត្ដិការណ៍​ដ៏​ធំ​នេះ ។​ ​មិនតែប៉ុណ្ណោះ​ ​ព្រះ​អង្គ​បាន​ឲ្យ​ចម្លង​ព្រះ​ត្រៃបិដក​ជា​បី​ច្បាប់​មួយ​ចម្លង​លើ​ស្លឹករឹត​ ​មួយ​លើ​ប្រាក់​សន្លឹក​ ​និង​មួយទៀត​លើ​មាស​សន្លឹក ។​ ​ដោយ​ខ្លាចក្រែង​បាត់​ច្បាប់​ចាស់​ព្រះ​ត្រៃបិដក​ ​និង​ខ្លាចក្រែង​ព្រះពុទ្ធ​សាសនា​សាបរលាប​ ​ពីព្រោះ​មាន​ជនជាតិ​សាសន៍​ផ្សេងៗ​ទៀត​ ​ដែល​ប្រាថ្នា​ចង់បាន​ដែរ​ ព្រះ​អង្គ​បាន​បង្គាប់​ឲ្យ​សរសេរ​កត់ត្រា​ចម្លង​ព្រះ​ត្រៃបិដក​ជា​ច្រើន​ក្បាល​ ​លើ​សាស្ត្រា​ស្លឹករឹត​ ​ទុក​សម្រាប់​ចែកចាយ​តម្កល់​តាម​វត្ដ​អារាម​នានា​ ​គឺ​ក្នុង​គោលបំណង​ការពារ​ទំនុកបម្រុង​ ​ផ្សព្វផ្សាយ​ព្រះពុទ្ធ​សាសនា​ឲ្យ​បាន​ចម្រុងចម្រើន​តទៅ​អនាគត​ ​និង​ដើម្បី​អប់រំ​បង្ហាត់បង្រៀន​ប្រជានុរាស្ដ្រ​ខ្មែរ​ទូទាំង​ប្រទេស​ឲ្យ​មានចំណេះ​វិជ្ជា​ ​ចេះ​ចង​ចាំ​ ​គោរព​ប្រណិប័តន៍​ ​អនុវត្ដ​ទៅ​តាម​គន្លង​ធម៌ ។​
ពង្សាវតារ​វត្ដ​កោកកាក​បាន​សរសេរ​ថា​ ​ថ្ងៃ​ដែល​សំពៅ​នាំ​ព្រះ​កែវមរកត​ ​និង​ព្រះ​ត្រៃបិដក​ចូល​មក​ដល់​ទឹកដី​ខ្មែរ​ ​ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​បទុមសូរ្យវង្ស​ ​កំណត់​ចាត់ទុកជា​សករាជ​ថ្មី​មួយ​ក្នុង​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​សករាជ​ថ្មី​ ​មាន​ឈ្មោះ​ថា​ ​«ចុល្លសករាជ» ដែល​ត្រូវ​សន្មត​ចាប់ផ្ដើម​ដំបូង​នៅ​ក្នុង​ថ្ងៃ​១២​កើត​ ​ខែចេត្រ​ ​ឆ្នាំកុរ​ ​ព.ស​១១៨៣ ក្នុង​មហាសករាជ​ ​៥៦១ និង​ត្រូវជា​ថ្ងៃ​ទី​២២ មីនា​ ​គ.ស​៦៣៩ (តាម​ការ​ស្រាវជ្រាវ​របស់​លោក​ ​F. G​. Faraut) ។
ព្រះ​បទុមសូរ្យវង្ស​ ​ព្រះ​អង្គ​ទ្រង់​គោរព​បូជា​ ​ការពារ​ ​និង​បាន​ទំនុកបម្រុង​ព្រះពុទ្ធ​សាសនា​ឥតបី​មាន​ធ្វេសប្រហែស​ ​ព្រះ​អង្គ​បាន​កសាង​ប្រាង្គ​ប្រាសាទ​ ​វត្ដ​ ​និង​ព្រះពុទ្ធ​បដិមាករ​ជា​ច្រើន​ទុកជា​កន្លែង​សក្ការៈបូជា​ផ្ដល់​នូវ​ក្ដី​សុខ​សប្បាយ​ក្សេមក្សាន្ត​ដល់​ប្រជារាស្ដ្រ​ក្នុង​នគរ ។​ ​ដើម្បី​ទុកជា​សញ្ញា​ជា​ប្រផ្នូល​ឲ្យ​ខ្មែរ​ប្រុស​ស្រី​ទាំងអស់​ដឹង​ ​និង​យល់​អំពី​ដំណើរ​ជីវិត​របស់​ស្រុក​ទេស​ ​ព្រះបាទ​បទុមសូរ្យវង្ស​បាន​កសាង​ព្រះពុទ្ធរូប​ព្រះ​ចូល​បរិនិព្វាន​មួយ​អង្គ​យ៉ាង​ធំ​នៅ​ប្រាសាទ​ខ្វាវព្រះធាតុ​ ​ក្នុងស្រុក​ព្រហ្ម​ទេព ។​ ​គេ​ត្រូវ​ពិនិត្យ​មើល​ទឹកភ្លៀង​ដែល​ធ្លាក់​មក​លើ​ព្រះបាទ​បដិមាករ ៖​
ប្រការ​១​ ​បើ​ទឹកភ្លៀង​នោះ​មាន​ពណ៌​ក្រហម​ដូច​ឈាម​ ​នោះ​ស្រុក​ខ្មែរ​នឹង​ស្គាល់​នូវ​ភ្លើងសង្គ្រាម ។
ប្រការ​២​ ​បើ​ទឹកភ្លៀង​នោះ​ល្អក់​ ​ហើយ​ធុំក្លិន​ស្អុយ​ ​នោះ​នឹង​មាន​ជម្ងឺ​ពាសពេញ​នគរ ។​
ប្រការ​៣​ ​បើ​ទឹកភ្លៀង​នោះ​ធ្លាក់​មក​ថ្លា​ល្អ​ ​នោះ​នគរ​នឹង​បាន​សុខក្សេមក្សាន្ដ​ហើយ​ប្រជាពលរដ្ឋ​នឹង​បាន​ទទួល​ភោគផល​ល្អ​ប្រសើរ ។​
ប្រការ​៤​ ​បើ​ព្រះ​ពុទ្ធរូប​ព្រះ​ចូល​និព្វាន​មាន​ស្នាម​ប្រេះ​ ​ហើយ​មាន​ឈាម​ចេញ​នៅ​ត្រង់​ដើមទ្រូង​ ​នោះ​ត្រូវ​បរទេស​នឹង​ចូល​មក​ឈ្លានពាន ។​ ​
ប្រការ​៥​ ​បើ​ទឹកភ្លៀង​នោះ​ធ្លាក់​មក​លើ​ដើមទ្រូង​ ​និង​ព្រះបាទ​ព្រះ​អង្គ​ក្លាយទៅជា​ឈាម​ ហើយ​មាន​ស្រមោច​ក្នុង​នោះ​ ​នោះ​នឹង​កើត​មាន​ទុរ្ភិក្ស​ក្នុង​នគរ​ជា​ពុំខាន ។​ ​
ព្រះបាទ​ធនញ្ជ័យ​គោរពរាជ្យ​
ព្រះបាទ​បទុមសូរ្យវង្ស​ ​ក្សត្រ​ខ្មែរ​ទី​១១​ ​មាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ធនញ្ជ័យ​កុមារ ​ដែល​ប្រសូត​ក្នុង​ឆ្នាំឆ្លូវ​ព.ស​១២៤៤ ម.ស​៦២៣ ច.ល​៦៣​ ​ត្រូវជា​ ​គ.ស​៧០១ ។ បន្ទាប់​ពី​ព្រះ​អង្គ​ចូល​ទីវង្គត​ ​ព្រះ​ធនញ្ជ័យ​កុមារ​ត្រូវ​ឡើង​គ្រងរាជ្យសម្បត្ដិ​បន្ដ​ក្នុង​ព្រះ​ជន្ម​២៩​វស្សា ។​ ​ពិធី​អភិសេក​ត្រូវ​បាន​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​១០​កើត ខែបុស្ស ​ឆ្នាំម្សាញ់​ ​ព.ស​១២៧៣​ ​ត្រូវជា​ ​គ.ស​៧២៩ ព្រះ​អង្គ​មាន​ព្រះ​នាម​ ​ព្រះបាទ​សម្ដេច​ធនញ្ជ័យ​គោរពរាជ្យ​ ​ព្រះអង្គ​ជា​មហាក្សត្រ​ទី​១២ ។​
នឹង​និយាយ​ដំណាល​អំពី​ព្រះ​ធម្មាអនុរថ​ ​ស្ដេច​ប្រទេស​លាវ​ ​កាលបើ​ឃើញ​តែ​សំពៅ​មួយ​ត្រលប់​ទៅ​ដល់​នគរ​ ​ហើយ​សំពៅ​មួយទៀត​បាត់​ដំណឹង​សូន្យឈឹង​ ​ព្រះ​អង្គ​មាន​ក្ដី​កង្វល់​មួហ្មង​ ​ចាត់​ឲ្យ​មន្ដ្រី​តូច​ធំ​ស្រាវជ្រាវ​ស៊ើបអង្កេត​រក​ ​យូរ​ឆ្នាំ​ក្រោយមក​ ​ទើប​លេច​ឮដំណឹង​ដល់​ព្រះ​អង្គ​ថា​ ​សំពៅ​ដែល​បាត់​នោះ​បាន​ទៅ​ទើរ​នៅ​ឯ​ស្រុក​ខ្មែរ ។​ ​ព្រះ​អង្គ​គង់​លើ​សេះ​ហោះ​ ហើយ​នាំ​ពល​សេនា​អាមាត្យ​ប្រមាណ​បី​នាក់​ ​ធ្វើ​ដំណើរ​សំដៅ​តម្រង់​ទៅ​ប្រទេស​កម្ពុជា ។​ ​ទៅ​ដល់​មហានគរ​ ព្រះ​ធម្មាអនុរថ​ស៊ើបសួរ​រក​សម្ដេច​សង្ឃរាជ​ ​ព្រះ​កែវមរកត​ ​និង​ព្រះ​ត្រៃបិដក ។​ ​ដឹង​អស់​សេចក្ដី​ហើយ​ ​ព្រះ​អង្គ​ដើរ​សំដៅ​ទៅ​វត្ដ​បញ្ចេញ​មហិទ្ធិឫទ្ធិ​របស់​ខ្លួន​ឲ្យ​គេ​ខ្លាច​កោត​ស្ញប់ស្ញែង​ ​ព្រះ​អង្គ​ឡើងឈរ​លើ​ដុំ​ថ្ម​មួយ​ផ្ទាំង​ធំ​ ​ហើយ​បង់ជំទាញ​បាញ់នោម​ដាក់​ថ្ម​នោះ​ទាល់តែ​បាក់​ជា​ពីរ ។​ ​ព្រះសង្ឃ​ក្នុង​វត្ដ​ឃើញ​ព្រឹត្ដិការណ៍​មិន​ស្រួល​ដូច្នេះ​ ​ភ័យ​តក្កមា​ស្លន់ស្លោរ​រត់​ទៅ​ទូល​ប្រាប់​សម្ដេច​សង្ឃរាជ​តាម​ដំណើរ ។​
នៅ​ពេល​ដែល​សម្ដេច​សង្ឃរាជ​និមន្ដ​មក​ដល់​ ​ព្រះ​ធម្មាអនុរថ​ ​ប្រកាស​ទូល​លោក​ថា​ ​ខ្លួន​ជា​អ្នក​បម្រើ​ស្ដេច​លាវ​ ​ហើយ​មកនេះ​ ​គឺ​ក្នុង​គោលបំណង​ចង់​ទាមទារ​យក​ព្រះ​ត្រៃបិដក​ ​និង​ព្រះ​កែវមរកត​ ​ព្រះ​អង្គ​បាន​រៀបរាប់​គ្រប់​ចំណុច​ទាំងអស់​តាំងពី​ដើម​រហូត​ចប់​ ​ទូល​ថ្វាយ​សម្ដេច​សង្ឃ​ ​ដោយ​បញ្ជាក់​ថា​របស់​ពិសិដ្ឋ​ទាំងនេះ ​ជា​សម្បត្ដិ​របស់​ព្រះ​អង្គ ។​ ​ព្រះ​ធម្មាអនុរថ​ស្នើ​សុំ​ឲ្យ​សម្ដេច​សង្ឃ​និមន្ដ​ទៅ​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​ ​ព្រះបាទ​ធនញ្ជ័យ​គោរពរាជ្យ​តាម​ដំណើរ​ ​និង​សុំ​ឲ្យ​ព្រះ​អង្គ​ប្រគល់​សំពៅ​ព្រះ​កែវមរកត​ ​និង​ព្រះ​ត្រៃបិដក​មក​វិញ​ ​ដើម្បី​ជៀសវាង​កុំឲ្យ​មាន​ជម្លោះ​ក្លាយ​ទៅជា​សត្រូវ ។​
តែ​ព្រះមហាក្សត្រ​ខ្មែរ​មិន​បាន​យល់​ព្រម​ទៅ​តាម​សំណើ​នេះ​ទេ​ ​ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ស្ដេច​លាវ​ខឹង​ខ្ញាល់​យ៉ាង​ខ្លាំង​ ​ហើយ​នឹកគិត​ក្នុង​ចិត្ដ​ថា​ ​ខ្លួន​មាន​ឫទ្ធានុភាព​អំណាច​ ​លទ្ធភាព​គ្រប់​បែប​នឹង​ប្រហារជីវិត​ខ្មែរ​ទាំងអស់​ក្នុង​នគរ ។​ ​តែ​ដោយ​ភ័យ​ខ្លាច​ទទួល​ជាប់​កម្ម​ពៀរ​វេរា​ ​ព្រះ​អង្គ​មិន​ចង់​បង្កបង្កើត​ ​ប្រព្រឹត្ដ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​របៀប​នេះ​ឡើយ ។​ព្រះ​អង្គ​សម្រេចចិត្ដ​ត្រឹមតែ​សម្ដែង​បដិហារ​បញ្ចេញ​ឫទ្ធិ​ឲ្យ​ខ្មែរ​ឃើញ​ញាប់​ញ័រ​ ​តក់ស្លុត​បាក់បប​ប៉ុណ្ណោះ​បាន​ហើយ​ ស្ដេច​លាវ​ក៏​ស្រែក​បន្លឺ​លាន់ឮ​ថា​ ​«បើ​មិន​ព្រម​ប្រគល់​ព្រះ​ត្រៃបិដក​ទេ​ ​នោះ​ព្រះ​អង្គ​នឹង​កាត់​ប្រហារ​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់! ហើយ​បើ​មិន​ជឿ​ទេ​ ​ចាំ​សម្លឹង​មើល​គ្រប់​គ្នា​ទៅ​ចុះ!» ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ ​ស្ដេច​លាវ​ចាប់​យក​កំបោរ​មក​លាប​លើ​ចុង​ដាវ​ ​(ពង្សាវតារ​វត្ដ​កោកកាក​បញ្ជាក់​ថា​ ​ស្ដេច​លាវ​យក​ឈើ​មក​ធ្វើ​ដាវ) បន្ទាប់​មក​ព្រះ​អង្គ​ឡើង​ជិះសេះ​ ​គ្រវី​ដាវ​ហោះ​ជុំវិញ​មហានគរ​ ​នាម៉ឺន​មុខមន្ដ្រី​ ​និង​ពលរដ្ឋ​ទាំងស្រី​ទាំងប្រុស​ស្ទាប​ក​រៀងខ្លួន​ ​ស្រាប់តែ​ឃើញ​ស្នាម​កំបោរ​ជាប់​ជុំវិញ​ ​ម្នាក់ៗ​ភ័យ​ស្លន់​បុក​ពោះ​រត់​ទៅ​ទូល​ថ្វាយ​ដំណឹង​ព្រះរាជា ​ចំពោះ​ពង្សាវតារ​វត្ដ​កោកកាក​ ស្ដេច​លាវ​ព្រះ​ធម្មាអនុរថ​បាន​បំបាំង​ខ្លួន​ ​គ្មាន​នរណា​មើលឃើញ​ឡើយ​ ​ចូល​ទៅ​ក្នុង​បរមរាជវាំង​ប្រាសាទ​ទេវរាជមន្ទារ​ហើយ​យក​ដាវ​ប្រឡាក់​ជាប់​កំបោរ​ឆូត​លើ​ព្រះមហាក្សត្រ​ ​និង​អគ្គមហេសី ។​
ទាំង​ស្ដេច​ ​ទាំង​នាម៉ឺន​ ​ទាំង​រាស្ដ្រ​ ​ឃើញ​ដូច្នេះ​ទើប​បន្ទន់​អាកប្បកិរិយា​ ​ចាត់​នាម៉ឺន​ពីរ​នាក់​ទៅ​ចរចា​ពិភាក្សា​ជាមួយនឹង​ស្ដេច​លាវ ។​ ​ភាគី​ទាំង​សង្ខាង​ក៏​បាន​យល់​ស្រប​ចុះសម្រុង​គ្នា​ ​គឺ​ប្រទេស​ខ្មែរ​ទទួលស្គាល់​ថា​ ​សំពៅ​ព្រះ​ត្រៃបិដក​ ​និង​ព្រះ​ពុទ្ធរូប​ព្រះ​កែវមរកត​ ​ជា​សម្បត្ដិ​របស់​មាឡាន​ប្រទេស​មែន ។​ ​ព្រះមហាក្សត្រ​ខ្មែរ​បាន​សុំ​ឲ្យ​ស្ដេច​លាវ​ត្រលប់​ទៅ​នគរ​មុន​សិន​ ​ចាំ​ព្រះ​អង្គ​រៀបចំ​បញ្ជូន​សំពៅ​ ​និង​ដង្ហែ​ព្រះ​ត្រៃបិដក​ទៅ​ថ្វាយ​ជា​ក្រោយ​ ​តាម​ការ​ទាមទារ​របស់​ព្រះ​អង្គ​ស្ដេច​លាវ​យល់ព្រម​ហើយ​ក៏​ជិះសេះ​ហោះ​នាំ​ពល​សេនា​វិល​ត្រលប់​ទៅ​នគរ​វិញ ។​ ​រីឯ​ព្រះបាទ​ធនញ្ជ័យ​គោរពរាជ្យ ​ព្រះ​អង្គ​ក៏​បង្គាប់​នាម៉ឺន​តូច​ធំ​ឲ្យ​យក​សំពៅ​ ​និង​ដង្ហែ​ព្រះ​ត្រៃបិដក​ទៅ​ប្រគល់​ដល់​ស្រុក​លាវ​តែ​ម្ដង ។​ ​ព្រះ​អង្គ​មិន​បាន​ប្រគល់​ព្រះ​កែវមរកត​ទេ​ ​ព្រះ​អង្គ​បាន​រក្សា​ទុក​ធ្វើ​ជាទី​សក្ការបូជា​នៅ​ក្នុង​ព្រះ​មហានគរ​វត្ដ​ ​ពីព្រោះ​​ក្រោយ​ពេល​ដែល​ស្ដេច​លាវ​ធម្មាអនុរថ​ ​ថយ​ត្រលប់​ទៅ​នគរ​វិញ​ ​មុន​នឹង​សម្រេច​ព្រះ​ទ័យ​ដូច្នេះ​ ​ព្រះបាទ​ធនញ្ជ័យ​គោរពរាជ្យ​ ​បាន​ធ្វើ​ពិធីបួងសួង​បន់ស្រន់​ ​៧​យប់ ៧​ថ្ងៃ សុំ​ធ្វើ​ដូច​ម្ដេច​ឲ្យ​ស្ដេច​លាវ​ភ្លេច​គិត​នឹកឃើញ​ ​ទាមទារ​ព្រះពុទ្ធ​ព្រះ​កែវមរកត​ដល់​យប់​ទី​ប្រាំពីរ​ ​ព្រះ​កែវមរកត​បញ្ចេញ​មហិទ្ធិឫទ្ធិ​ ​ជះ​ចេញ​ចាំង​ពន្លឺ​ប្រាំពីរ​ពណ៌​ ​ភ្លឺ​ចិញ្ចាច​ពេញ​បរមរាជវាំង ។​ ​ដោយ​យល់​ ​និង​ជឿជាក់​ថា​ ការ​បួងសួង​បន់ស្រន់​របស់​ព្រះ​អង្គ​បាន​សម្រេច​ដូច​សេចក្ដី​ប្រាថ្នា​ ​ទើប​ព្រះ​អង្គ​បង្គាប់​ឲ្យ​ក្រុម​នាម៉ឺន​សេនាបតី​យក​តែ​ព្រះ​ត្រៃបិដក​ទៅ​ថ្វាយ​ស្ដេច​លាវ ។​
ស្ដេច​លាវ​ព្រះ​ធម្មាអនុរថ​ ​នឹកឃើញ​ខ្លះ​ព្រះ​កែវមរកត​ដែរ​ ​ប៉ុន្ដែ​គ្រានោះ​ ​ព្រះ​អង្គ​នៅ​ចាំ​បាន​ថា​ ​ព្រះ​អង្គ​បាន​ទាមទារ​យក​តែ​ព្រះ​ត្រៃបិដក​ប៉ុណ្ណោះ​ ​ដោយ​គិត​ថា​ត្រូវ​គោរព​ពាក្យ​សច្ចៈ​ ​ហើយ​ម្យ៉ាងទៀត​បើ​តាម​ទំនាយ​នគរ​ ​ព្រះ​កែវមរកត​ត្រូវ​តែ​គង់នៅ​មហានគរ​ក្នុងស្រុក​ខ្មែរ​ ​ព្រះ​អង្គ​ក៏​សម្រេចចិត្ដ​បំភ្លេច​រឿង​ចាស់​ទាំង​ប៉ុន្មាន​ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ។​
ព្រះ​ពុទ្ធរូប​ព្រះ​កែវមរកត​ ​និង​ព្រះ​ត្រៃបិដក​ត្រូវ​បាន​ជនជាតិ​ខ្មែរ​គ្រប់​ជាន់ថ្នាក់​គ្រប់​វណ្ណៈ​ ​គោរព​បូជា​រៀនសូត្រ​អនុវត្ដ​ប្រតិបត្ដ​តាម​ ​ឥតបី​ហ៊ាន​ធ្វេសប្រហែស​ឃ្លៀងឃ្លាត​ឡើយ​ ​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងនោះ​ ​បាន​នាំ​មក​នូវ​ជោគជ័យ​សេរីមង្គល​សំបូណ៌​សប្បាយ​ ​ចម្រុងចម្រើន​គ្រប់​ប្រការ​ដល់​ប្រជានុរាស្ដ្រ​ ​និង​ស្រុក​ខ្មែរ ។​
ព្រឹត្ដិការណ៍​ចម្បង​មួយទៀត​ ​ក្នុង​រជ្ជកាល​ព្រះបាទ​ធនញ្ជ័យ​គោរពរាជ្យ​ ​គឺ​ព្រះ​អង្គ​និយម​ទាក់ដំរី​ ​ព្រះ​អង្គ​ធ្លាប់​យាង​ទៅ​ដល់​ព្រៃ​ និង​ជើងភ្នំ​ដងរែក​ ​ព្រះ​អង្គ​មាន​ហ្មដំរី​ជាតិ​លាវ​ដ៏​ល្បីល្បាញ​ពីរ​នាក់​ ​មួយ​ឈ្មោះ​ហ្មហវៀន​ ​និង​មួយទៀត​ឈ្មោះ​ហ្មថាវ ។​ ​ពង្សាវតារ​វត្ដ​ទឹកវិល​ ​ស្រុក​ស្អាង​ ​ខេត្ដកណ្ដាល​បាន​លើកយក​ព្រឹត្ដិការណ៍​សំខាន់​មួយ​ ​ស្ដីពី​ការ​ចាប់​ដំរី​ក្នុង​រជ្ជកាល​ព្រះ​អង្គ​មក​អធិប្បាយ​ដោយ​មាន​ទាំង​រៀបរាប់​យ៉ាង​ល្អិតល្អន់​ដែរ​ ​អំពី​ពិធីសែនព្រេន​ដល់​ម្រេញកង្វាល​ ​មុន​នឹង​ទៅ​ទាក់ដំរី ។​ ​កាលនោះ​ ​ព្រះ​អង្គ​ ​និង​ពល​សេនា​ទាក់​បាន​ដំរី​ស​មួយ​ ​និង​ខ្មៅ​មួយ​ ​ដែល​មាន​ភ្លុក​កោង​វែង​ ​ព្រះ​អង្គ​បាន​បញ្ជា​ឲ្យ​យក​ដំរី​ស​ខ្មៅ​ទាំង​ពីរ​ ​ជា​និមិត្ដរូប​នៃ​ការ​សម្បូរ​សប្បាយ​ប្រចាំ​នគរ ។​ ​ពី​ថ្ងៃ​នោះ​មក​ ​គេ​មាន​ជំនឿ​និយម​ថា​ ​បើ​គ្មាន​ភ្លៀង​បង្អោរ​ធ្លាក់​មក​គ្រប់គ្រាន់​ទេ​ ​ហើយ​បើ​កើត​មាន​ជម្ងឺ​រោគា​ក្នុង​នគរ​ ​ព្រះមហាក្សត្រ​តែងតែ​បង្គាប់​ក្រុម​បុរោហិត​ និង​ហ្មថាវ​ ​ឲ្យ​នាំ​យក​ដំរី​ស​ខ្មៅ​ទាំង​ពីរ​ ​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​បួងសួង​បន់ស្រន់​ផ្សេងៗ ។​ ​បន្ទាប់​មក​ទើប​ដំរី​ទាំង​ពីរ​យក​ប្រមោយ​បឺត​ទឹក​ ​ផ្លុំ​ព្រួស​ជះ​តម្រង់​ទៅ​គ្រប់​ទាំង​ប្រាំបី​ទិស ។​ ​ឯកសារ​ដដែល​កត់​សម្គាល់ថា​ ​ភ្លៀង​បាន​បង្អុរ​ធ្លាក់​ចុះ​មក​ដោយ​បរិបូណ៌​ ​ក្រោយ​ដែល​គេ​បាន​រៀបចំ​ពិធីបួងសួង​ ​ឯ​ភោគផល​វិញ​ក៏​បាន​ល្អ​ជាទី​ពេញចិត្ដ​ ​ហើយ​ជម្ងឺ​រោគាព្យាធិ​ក៏​សាបរលាប​វិនាស​បាត់​ទៅ​អស់​ដែរ​ ​នាម៉ឺន​មុខមន្ត្រី​ ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ស្រឡាញ់​ ​និង​មាន​ជំនឿ​ទៅ​លើ​ដំរី​ទាំង​ពីរ​នោះ​ណាស់​ ​គេ​ចាត់​ទុក​ដំរី​ទាំង​គូ​ជា​ដំរី​ពិសិដ្ឋ​ ​និង​ស័ក្ដិសិទ្ធិ​ជាទី​បំផុត ។​
ព្រះបាទ​ធនញ្ជ័យ​គោរពរាជ្យ​ ​មាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ ​វិជ័យកុមារ​ ​ដែល​បាន​ប្រសូត​ក្នុង​ឆ្នាំច​ ​ច.ស​១៣២​ នេះ​បើ​តាម​ពង្សាវតារ​សម្ដេច​វាំង​ជួន​ ​ពង្សាវតារ​វត្ដ​ទឹកវិល​សរសេរ​ថា​ ​ជាមួយនឹង​នាង​គន្ធមាលី​ ​ព្រះ​អង្គ​មាន​រាជបុត្រ​មួយ​ឈ្មោះ​ស្រីជេដ្ឋា​ ​ដែល​ប្រសូត​ក្នុង​ឆ្នាំរការ​ ​និង​បុត្រី​មួយទៀត​ព្រះ​នាម​ធីតាមាលី ។​ ​ព្រះបាទ​ធនញ្ជ័យ​គោរពរាជ្យ​ក្សត្រ​ខ្មែរ​ទី​១២​ ​សោយរាជ្យ​បាន​៦៦​ឆ្នាំ ហើយ​ចូល​ទីវង្គត​ក្នុង​ព្រះ​ជន្ម​៩៤​វស្សា​ ​ដោយ​ជម្ងឺ​ចាស់ជរា ។​
ថ្ងៃ​ដែល​ខ្មែរ​ត្រូវ​បាត់បង់​ព្រះ​ត្រៃបិដក​ ​និង​ព្រះ​កែវមរកត​
យូរអង្វែង​មក​ ​ពី​រាជ្យ​ស្ដេច​មួយ​ដល់​រាជ្យ​ស្ដេច​មួយ​ ​រហូត​មក​ដល់​រាជ​ព្រះបាទ​សេណ្ណ័ករាជ្យ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​២៣​ សោយរាជ្យ​សម្បត្ដិ​ពី​ព.ស​១៧៣៩ ដល់​ព.ស​១៧៨២ ឬ​គ.ស​១១៩៥ ទៅ​ ​១២៣៨ ដែល​ប្រជាជន​ខ្មែរ​ទាំង​នគរ​ស្អប់ខ្ពើម​ ​ដាក់​ឈ្មោះ​ថា​ស្ដេច​ពាល​ ​ព្រះ​កែវមរកត​ ​និង​ព្រះ​ត្រៃបិដក​(ច្បាប់​ចម្លង​ដើម) ត្រូវ​វិនាស​បាត់បង់​លែង​ស្ថិត​នៅ​ក្នុងស្រុក​ខ្មែរ ។​
បុព្វហេតុ​ ​គឺ​បណ្ដាល​មក​ពី​ព្រះមហាក្សត្រ​អង្គ​នេះ​ ​មិន​បំពេញ​ភារកិច្ច​ ​និង​កាតព្វកិច្ច​ខ្លួន​ជា​ស្ដេច​ផែនដី​ ​ដោយ​ប្រកប​ទៅ​តាម​ទសពិធរាជធម៌ ។​ ​ព្រះ​អង្គ​បាន​ប្រើ​អំណាច​ផ្ដាច់​ការ​ ​បង្កបង្កើត​ឲ្យ​មាន​ចលាចល​ពាសពេញ​នគរ​ ​ធ្វើ​ឲ្យ​ប្រជានុរាស្ដ្រ​ក្ដៅ​ក្រហាយ​រង​ទុក្ខវេទនា​ ​ការ​គ្រប់គ្រង​នគរ​តាម​របៀប​ផ្ដាច់​ការ​ ​គ្មាន​យុត្ដិធម៌​ ​គ្មាន​មនុស្សធម៌​ ​ហើយ​ដែល​គិតតែ​ពី​ប្រយោជន៍​ក្រុម​គ្រួសារ​ ​និង​បន​បក្សពួក​ ​បាន​ធ្វើ​ឲ្យ​វត្ថុ​ស័ក្ដិសិទ្ធិ​ ​ឥន្ទ្រ​ព្រហ្ម​ទេវតា​ ​និង​ធម្មជាតិ​ក្ដៅ​ក្រហល់ក្រហាយ​ដាក់​បណ្ដាសា​ ​ផ្តន្ទា​ជេរប្រទេច​រក​ងើបមុខ​មិន​រួច ។​ ​គ្រានោះ​ ​ស្ដេច​ភុជង្គនាគ​ ​និង​នាគ​ទាំងឡាយ​នាំ​គ្នា​មក​ព្រួស​ទឹក​ធ្វើ​ឲ្យ​លិចលង់​អស់​នគរ​ខ្មែរ ។​
ស្ដេច​ខ្មែរ​ព្រះ​សេណ្ណ័ករាជ្យ​ ​នាំ​ព្រះ​ញាតិវង្ស​ ​មេនុំ​មេ​នាង​ ​ភីលៀង​ស្នំ​ក្រមការ​ ​និង​នាម៉ឺន​ពល​សេនា​ចុះទូក​សំពៅ​ ​បើកបរ​សំដៅ​ទៅ​ចត​ស្នាក់​នៅ​ជើងភ្នំ​ដងរែក ។​ ​ស្ដេច​លាវ​ឈ្មោះ​អាទិច្ចវង្ស​បាន​ទទួល​ដំណឹង​នេះ​កាលណា​ ​ក៏​រៀបចំ​លើក​ទ័ព​ភ្លាម​មក​ដណ្ដើម​យក​ព្រះ​កែវមរកត​ ​លួច​ប្លន់​យក​សម្បត្ដិទ្រព្យ​របស់​របរ​ ​ស្បៀងអាហារ​ ​ព្រះរាជ​វង្សានុវង្ស​ ​នាម៉ឺន​មន្ដ្រី​ប្រជាពលរដ្ឋ​ខ្មែរ​ ​ជាមួយ​គ្នា​នោះ​ដែរ​ ​ស្ដេច​សៀម​ដែល​ដឹង​ថា​ ឱកាស​ល្អ​កំរ​រកបាន​ ​ហុច​មក​ដល់​ហើយ​ ​មិន​បង្អង់​ដៃ​ ​ក៏​លើក​ក្បួនទ័ព​ចុះ​មក​វាយប្រហារ​ស្ដេច​លាវ​ ​ដណ្ដើម​យក​ព្រះ​កែវមរកត​ទៅ​ថែរក្សា​តម្កល់​ទុក​ក្នុង​នគរ​រៀង​រហូត​ដល់​សព្វថ្ងៃ ។​ ​ព្រះ​សេណ្ណ័ករាជ្យ​ ​ឬ​ស្ដេច​ពាល​ ​មាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​សីហនុកុមារ ។​ ​ប្រវត្ដិ​ស្ដេច​ពាល​ ​និង​ព្រះ​សីហនុកុមារ​ ​យើង​នឹង​លើក​យក​មក​អធិប្បាយ​ក្នុង​ជំពូក​ក្រោយ ។​
កំណត់សម្គាល់​
១- ក្នុង​បុព្វកាល​ ​អ្នកដឹកនាំ​ខ្មែរ​ ​ប្រជាជន​ខ្មែរ​ ​ក៏​ដូច​ជា​ប្រជាជន​ឯទៀត​នៅ​ជ្រោយ​សុវណ្ណភូមិ​ដែរ​ ​គេ​ឲ្យ​តម្លៃ​ទៅ​លើ​ព្រះពុទ្ធ​សាសនា​ ​ពោល​ឲ្យ​ចំ​គឺ​លើ​ទ្រឹស្ដី​ច្បាប់​ក្បួនខ្នាត​ ​ឬ​គម្ពីរ​ ​ពីព្រោះ​គេ​ចាត់​ទុក​គម្ពីរ​ ​ច្បាប់​ក្បួនខ្នាត​ ​ជា​មូលដ្ឋាន​សម្រាប់​ការ​កសាង​ប្រទេស​ជាតិ​ ​បុព្វបុរស​ខ្មែរ​យល់​ច្បាស់​ណាស់​ ​ដើម្បី​ឲ្យ​ស្រុក​ខ្មែរ​សុខ​សប្បាយ​បរិបូណ៌​ហូរហៀរ​ចម្រុងចម្រើន​លូតលាស់​ ​ក្លាយជា​មហានគរ​ ​គេ​ត្រូវ​តែ​យក​គម្ពីរ​ក្បួនខ្នាត​ ​ឬ​ច្បាប់​ សម័យ​នោះ​ ​គេ​អនុលោម​យក​ព្រះពុទ្ធ​សាសនា​ ​គឺ​ព្រះ​ត្រៃបិដក​ ​មក​ធ្វើ​ជា​មូលដ្ឋាន​ជាតិ​ ​សម្រាប់​បង្រួបបង្រួម​ជាតិ​ ​សម្រាប់​ផ្សះផ្សារ​ខ្មែរ​គ្រប់​ស្រទាប់​ ​សម្រាប់​គោរព​អនុវត្ដ​ ​និង​សម្រាប់​ផ្ដន្ទា​ទោស​ជន​ដែល​ប្រព្រឹត្ដ​បទល្មើស ។​ ​ដូនតា​ខ្មែរ​លោក​យល់​ថា​ ​គម្ពីរ​ ​ឬ​ច្បាប់​អាច​មានជីវិត​យឺនយូរ​ជា​អមតៈ​ ​អាច​ស្ថិត​នៅ​ជា​បង្គោល​កណ្ដាល​មិន​លំអៀង​ ​ហើយ​អាច​បង្កើត​ឲ្យ​មាន​ស្ថិរភាព​ក្នុង​សង្គម ។​បើ​មានច្បាប់​ដូចជា​គ្មាន​ច្បាប់​ ​ហើយ​ច្បាប់​ចេះ​តែ​ផ្លាស់​ប្ដូរ​ ​មិន​ទៀងទាត់​តាម​បបូរ​មាត់​ ​និង​អណ្ដាត​មនុស្ស​ម្នាក់​ ​ឬ​មួយ​ក្រុម​ ​ប្រទេស​ជាតិ​នោះ​ ​ច្បាស់​ជា​មិន​អាច​មានជីវិត​ស្ថិតស្ថេរ​ចេរកាល​បាន​យូរលង់​អង្វែង​ឡើយ ។​
២- បុព្វបុរស​ខ្មែរ​កាលបើ​បាន​ទទួល​គម្ពីរ​ក្បួនខ្នាត​ ​តែង​យក​មក​ថែរក្សា​ ​ចម្លង​ចែកចាយ​ជូន​ផ្ញើ​ទៅ​ទុក​ឲ្យ​រៀនសូត្រ​ ​ចង​ចាំ​គ្រប់​វត្ដ​អារាម​ ​គឺ​លោក​មិន​ដែល​យក​គម្ពីរ​ក្បួនច្បាប់​សៀវភៅ​ ​វត្ថុ​បូរាណ​ដែល​ជា​ឫស​គល់​វប្បធម៌​ជាតិខ្មែរ​ទៅ​ដុត​បំផ្លាញ​ ​ដូច​ក្នុង​សម័យ​យង់ឃ្នង​បំបាត់​ពូជសាសន៍​ខ្មែរក្រហម​កុម្មុយនិស្ត​នោះ​ឡើយ ។​ ​បុព្វបុរស​ខ្មែរ​យល់​ច្បាស់​ណាស់​ថា​ ​ព្រះពុទ្ធ​សាសនា​ ​ព្រះ​ត្រៃបិដក​ ​គម្ពីរ​ច្បាប់​ ​ក្បួនខ្នាត​ទាំងនេះ​ហើយ​ដែល​នាំ​មក​នូវ​ចំណេះវិជ្ជា​ ​ការ​ចេះ​ដឹង​ ការ​ចេះ​វែកញែក​ ​រិះគិត​ពិចារណា​ ​យុត្ដិធម៌​ ​មេត្តាធម៌​ ​មនុស្សធម៌​ ​និង​នាំ​ឲ្យ​ចេះ​ស្ដាប់​អ្វី​ជា​ប្រយោជន៍​ប្រជាជន​ប្រយោជន៍​ប្រជាជាតិ​ ​ព្រះពុទ្ធ​សាសនា​ ​គម្ពីរ​ច្បាប់​ ​ក្បួនខ្នាត​អាច​នឹង​បណ្ដេញ​លែង​ឲ្យ​មាន​អវិជ្ជា​ក្នុង​សង្គម​ជាតិ​ ​កាលណា​មនុស្ស​លែង​មាន​អវិជ្ជា​ ​មនុស្ស​នោះ​អាច​ផ្លាស់​ប្ដូរ​ចិត្ដគំនិត​ ​លែង​ប្រើ​អំណាច​ផ្ដាច់​ការ​ ​លែង​អាង​ទៅ​ប្រើ​កម្លាំងបាយ​ ​ឬ​កម្លាំង​អាវុធ​ ​លែង​កាប់សម្លាប់​ជនជាតិ​ឈាម​ជ័រ​ឯង​ ​ដូចដែល​យើង​ធ្លាប់​ជួប​ប្រទះ ។​ ​ប្រសិនបើ​ភាព​ហិង្សា​កំណាច​ឃោរឃៅ​យង់ឃ្នង​ព្រៃផ្សៃ​នៅ​តែ​មាន​ពេញ​ច្រកល្ហក​ក្នុង​នគរ​ទេ​ ​នោះ​អវិជ្ជា​បាន​មក​គ្របដណ្ដប់​ជាប់​ជិតជុំ​សង្គម​ជាតិ​យ៉ាង​ក្រាស់ឃ្មឹក​ហើយ​ ​ខណៈនោះ​ ពាក្យ​បណ្ដាំ​ជីដូន​ជីតា​ខ្មែរ​ដែល​បាន​មាន​ប្រសាសន៍​ថា​ ​«ខ្មែរ​មិន​ចោល​ក្បួន​ យួន​មិន​ចោល​ពុត​ ​សៀម​ស៊ុត​ទ្រុត​មិន​ចោល​ចែចូវ​» លែង​មាន​អត្ថន័យ​ដែរ ។​ ​គាត់​ផ្ដែផ្ដាំ​កុំឲ្យ​ខ្មែរ​ចោល​ក្បួន​ ​ ​កុំឲ្យ​ចោល​គម្ពីរ​ ​និង​ច្បាប់​ដែល​ជា​មូលដ្ឋាន​ជាតិ​ ​សក្ខីភាព​ជាក់ស្ដែង​ ​មាន​នៅ​ក្នុង​ឯ​អតីតកាល​ ​បើ​ដូនតា​ខ្មែរ​គ្មាន​ប្រាជ្ញា​ឈ្លាសវៃ​គ្មាន​ក្បួនខ្នាត​ ​គ្មាន​គម្ពីរ​ច្បាប់ទម្លាប់​ ​គ្មាន​រចនាសម្ព័ន្ធ​ ​ជា​មូលដ្ឋាន​ទេ​ ​នោះ​ប្រទេស​ខ្មែរ​ក៏​មិន​អាច​ក្លាយ​ទៅ​ជា​មហានគរ​នៅ​ក្នុង​ជ្រោយ​សុវណ្ណភូមិ​នេះ​ដែរ ។​ ​ហើយ​ថ្ងៃ​ដែល​ខ្មែរ​បោះបង់​ចោល​ក្បួនច្បាប់​ ​លែង​ឲ្យ​តម្លៃ​ ​លែង​គោរព​ ​និង​អនុវត្ដ​តាម​ច្បាប់ទម្លាប់​ ​ក្បួន​គម្ពីរ​ដែល​ធ្លាប់តែ​ទុក​ចងក្រង​មក​ ​ថ្ងៃ​នោះ​ក៏​ជា​ថ្ងៃ​ដែល​ខ្មែរ​ទទួល​ទុក្ខទោស​ ​រងកម្ម​វេទនា​ព្រាត់ប្រាស់​ឪពុក​ម្ដាយ​ ​ប្ដី​ប្រពន្ធ​កូនចៅ​បងប្អូន​ញាតិសន្ដាន​ ​ហើយ​ទឹកដី​ខ្មែរ​ក៏​ត្រូវ​រួញ​បន្ដិច​ម្ដងៗ​ជា​លំដាប់​ ​ដូច​មាន​រហូត​មក​ដល់​បច្ចុប្បន្ន ។​ ​សង្គម​ជាតិ​ដែល​គ្មាន​គម្ពីរ​ ​ក្បួនខ្នាត​ ​គ្មាន​ច្បាប់ទម្លាប់​ ​ជា​មូលដ្ឋាន​ ​ជា​ឫស​គល់​ ​សង្គម​នោះ​ជា​សង្គម​អវិជ្ជា​ ​មិន​អាច​រីក​ចម្រើន​មាន​អាយុ​វែង​ឡើយ​ ​សង្គម​ជាតិ​នោះ​ ​រង់​ចាំតែ​ថ្ងៃ​អវសាន​ ​រេចរឹល​វិនាស​ហិច​ហោច​ប៉ុណ្ណោះ ។​ ​ឯ​អ្នក​ទទួលខុសត្រូវ​ដឹកនាំ​ប្រទេស​វិញ​ ​ដែល​អាង​ប្រើ​កម្លាំងបាយ​ ​ឬ​កម្លាំង​ទឹកប្រាក់​បក្សពួក​ ​ក៏​មិន​អាច​គេច​វេះ​ខ្លួន​អំពី​ការ​កាត់ទោស​របស់​ប្រជាជន​ ​និង​ប្រវត្ដិសាស្ដ្រ​ដែរ​ ​សូម្បី​អន្ដរជាតិ​ ​ដែល​ធម្មតា​គេ​គិតតែ​ផលប្រយោជន៍​ជនជាតិ​គេ​ ​ហើយ​ដែល​តែងតែ​ប្រើ​ពាក្យ​ផ្អែមល្ហែម​បញ្ជោរ​បោក​បញ្ឆោត​ ​ក៏​គេ​ស្អប់​ខ្ពើមរអើម​ ​មាក់ងាយ​មិន​ឲ្យ​តម្លៃ​ ​ឬ​កិត្ដិយស​ដែរ ។​
៣- ព្រះបាទ​ធនញ្ជ័យ​គោរពរាជ្យ​ ​ដើម្បី​សុខ​សន្ដិភាព​ ​ដើម្បី​ប្រយោជន៍​ជាតិ​ ​និង​ប្រជារាស្ដ្រ​ខ្មែរ​បាន​ដោះស្រាយ​ទំនាស់​ជាមួយ​នឹង​ស្ដេច​លាវ​ដោយ​សន្ដិវិធី​ ​ព្រះ​អង្គ​ខំប្រឹង​ប្រែង​គ្រប់យ៉ាង​ ​ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​សម្បូរ​សុខ​សប្បាយ​ ​គឺ​មាន​តាំង​តែ​ពី​ខំ​ចាប់​ដំរី​ជាដើម ។​ ​ព្រះ​អង្គ​ខំ​ផ្សព្វផ្សាយ​គម្ពីរ​ព្រះ​ត្រៃបិដក​ ​ទៅ​គ្រប់​ទិសទី​ក្នុង​នគរ​ ​ដើម្បី​បំបាត់​អវិជ្ជា​ ​ព្រះ​អង្គ​ខំ​គោរព​ប្រណិប័តន៍​ទៅ​តាម​គន្លង​ច្បាប់​ ​ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា​ ​ដែល​ព្រះ​អង្គ​មាន​ជំនឿ​ថា​ល្អ​បរិសុទ្ធ​ ​សម្រាប់​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​ ​បច្ចុប្បន្ន​នេះ​ ​ខ្មែរ​សឹងតែ​ទាំងអស់​ទៅ​ហើយ​ ​ពី​ថ្នាក់​តូច​រហូត​ដល់​ថ្នាក់​ធំ​ ​ដែល​បាន​ប្រកាស​ខ្លួន​ជា​ពុទ្ធសាសនិកជន​ ​តើ​មាន​ខ្មែរ​ប៉ុន្មាន​នាក់​ដែល​បាន​គោរព​ប្រណិប័តន៍​អនុវត្ដ​ទៅ​តាម​ព្រះពុទ្ធ​ឱវាទ ? តើ​មាន​ខ្មែរ​ប៉ុន្មាន​នាក់​ដែល​ធ្លាប់​បាន​យក​ព្រះពុទ្ធ​ឱវាទ​មក​ត្រិះ​រិះគិត​ពិចារណា​ ​ដោះស្រាយ​សម្រាប់​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​ និង​ប្រទេស​ជាតិ ។​
ដូច្នេះ​គ្រប់​សោកនាដកម្ម​ដែល​កើត​មាន​ជា​ហូរហែ​ ​មិន​ចេះ​ចប់​ចេះ​ហើយ​ក្នុង​សង្គម​ជាតិខ្មែរ​ ​ពី​អតីតកាល​រហូត​មក​ដល់​បច្ចុប្បន្ន​ ​មិនមែន​ជា​រឿង​ចៃដន្យ​ ​ឬ​ជា​ទំនាយ​របស់​ព្រះពុទ្ធ​ព្រះឥន្ទ្រ​ព្រះព្រហ្ម​នោះ​ឡើយ ។​ ​បើ​តាម​ពុទ្ធឱវាទ​ ​វា​ជា​ការ​កសាង​របស់​ប្រជាជន​ខ្មែរ​ ​របស់​យើង​គ្រប់​រូប​ ​បើ​យើង​មិន​ខំរៀន​សូត្រ​ឲ្យ​មាន​វិជ្ជា​ទេ​ ​អវិជ្ជា​ ​និង​ផល​អាក្រក់​ទាំងឡាយ​ ​នឹង​មក​គ្របដណ្ដប់​បង្កើត​សោកនាដកម្ម​ភ្លាម​ ​ដោយ​មិន​ចាំបាច់​ជាតិ​មុខ​ ​ឬ​ជាតិ​ក្រោយ​ឡើយ ។​ ​ឧទាហរណ៍​ជាក់ស្ដែង​ ​ដោយសារ​អវិជ្ជា​ ​ដោយសារ​ខ្វះ​ការ​ពិចារណា​ ​ដោយសារ​ចាញ់បោក​ការ​ឃោសនា​ ​បញ្ឆោត​ភូតភរ​ ​បំភ័ន្ដ​ការ​ពិត​ ​សម្លុត​ស្មារតី​ ​ខ្មែរ​មួយ​នគរ​ទាំង​តូច​ទាំង​ធំ​ ​ទាំង​ប្រាជ្ញ​ទាំង​ល្ងង់​យល់​ច្រឡំ​ជឿជាក់​យ៉ាង​សែន​ច្បាស់​ថា​ ​ពួក​ខ្មែរក្រហម​ស្អាតស្អំ​ល្អ​បរិសុទ្ធ​ មិន​ពុក​រលួយ​ ស្រឡាញ់​ជាតិ​ មិន​ចេះ​ស៊ីសំណូក​ ​មិន​ចេះ​លួច​ប្លន់​ជាតិ​ ​និង​ប្រជាពលរដ្ឋ​ ​ហើយ​អាច​នឹង​ផ្ដល់​សុខ​សន្ដិភាព​ចម្រុងចម្រើន​លូតលាស់ ។​ ​ខ្មែរក្រហម​ស្រឡាញ់​ជាតិ​មែន​ ​ស្រឡាញ់​រហូត​ដល់​ទៅ​លេប​ស៊ី​ខ្មែរ​ដល់​ឆ្អឹង​អស់​រាប់​លាន​នាក់​ ​ប្រមែប្រមូល​យក​អស់ទ្រព្យ​សម្បត្ដិ​ខ្មែរ​មួយ​នគរ​ ​មក​ទុក​ថែរក្សា​ធ្វើ​ជា​សម្បត្ដិ​អង្គការ​ ​ណែនាំ​ឲ្យ​ខ្មែរ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ ​ទាំង​ចាស់​ទាំង​ក្មេង​ ​ទាំងប្រុស​ទាំងស្រី​បង្អត់​បាយ​ទឹក​ ​ថ្នាំសង្កូវ​ ​រហូត​ទាល់តែ​ទ្រុឌទ្រោម​មាន​រោគាព្យាធិ​ជម្ងឺ​ឈឺ​គ្មាន​សល់​៘​ ​និង​៘ ហើយ​នៅ​ទីបំផុត​ ​មេ​ខ្មែរក្រហម​ទាំងនេះ​នាំ​គ្នា​លក់​ត្បូង​ ​លក់​ឈើ​មាន​លុយ​រាប់​រយ​លាន​ដុល្លា​អាមេរិកកាំង​ ​ក្លាយ​ខ្លួន​ទៅ​ជា​មហាសេដ្ឋី​គ្រប់ៗ​គ្នា ​[អៀង​ ​សារី​ ​មេ​ខ្មែរក្រហម​ថ្នាក់​បន្ទាប់​ពី​ ​ប៉ុល​ ​ពត​ ​បាន​ប្រកាស​បញ្ជាក់​ថា​ ​ប៉ុល ​ពត​ មាន​សល់​ប្រាក់​យ៉ាងតិច​ណាស់​ក៏​ ​៤០០​លាន​ដុល្លា​អាមេរិកកាំង​ដែរ ។ អៀង​ សារី​ វិញ​ត្រូវ​ ​ប៉ុល​ ​ពត​ ចោទ​ប្រកាន់​ថា​ ​បាន​លួច​លុយ​ជំនួយ​ចិន​ ​អស់​១៦​លាន​ដុល្លា​អាមេរិកកាំង​ ​នេះ​មិន​គិត​អំពី​ទឹកប្រាក់​ថ្លៃ​លក់​ឈើ​ ​លក់​ត្បូង​នៅ​ក្នុង​ខេត្ដ​ប៉ៃលិន​ ​ដែល​មាន​ទំហំ​ដល់​ទៅ​រាប់រយ​លាន​ដុល្លា​អាមេរិកកាំង​ក្នុង​មួយ​ឆ្នាំៗ​ផង​ ​(Le​ ​Point,​ ​No​.12272 du​ ​1er février​ ​1997, Paris)] ។ ឧក្រិដ្ឋកម្ម​ប៉ុណ្ណោះ​ហើយ​ ពួក​ខ្មែរក្រហម​នៅ​តែ​រួចខ្លួន​ទៀត​ ​ហើយ​នៅ​តែ​មាន​អ្នកនយោបាយ​ខ្មែរ​ខ្លះ​ឲ្យ​តម្លៃ​ ​យកចិត្ដ​យកថ្លើម​ដដែល ៘​ គិត​ទៅ​ពួក​ខ្មែរក្រហម​បោក​ខ្មែរ​អស់​មួយ​នគរ​ ​មាន​ទាំង​អ្នក​ល្ងង់​មាន​ទាំង​អ្នកចេះ​ដឹង​បញ្ញាវន្ត​ ​មាន​ទាំង​ស្ដេច​ ​មាន​ទាំង​រាស្ដ្រ ។​ ​ទោះបី​ដូចនេះ​ក៏​ដោយ​ ​ក៏​អ្នកនយោបាយ​ខ្មែរ​ ​បញ្ញាវន្ត​ខ្មែរ​ ​មិន​ព្រម​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ដែរ​ ​ម្នាក់ៗ​អួតខ្លួន​ពូកែ​ជានិច្ច​ ​មិន​ចេះ​ខុស​ ​ស្រឡាញ់​ជាតិ​ជាងគេ​ជាង​ឯង​ ​គ្មាន​នរណា​អាច​នឹង​ស្មើ​ផ្ទឹម​បាន​ ​ប្រឹងប្រែង​ប្រើ​សំនួនវោហារ​យក​ល្អ​ ​យក​រួច​ខ្លួន​ ​ហើយ​ដោះស្រាយ​ទម្លាក់​សោកនាដកម្ម​ ​ទម្លាក់​កំហុស​ទាំង​ប៉ុន្មាន​ទៅ​លើ​អ្នក​ដទៃ​ ​និង​ទៅ​លើ​ព្រះពុទ្ធ​សាសនា ។​ ​អ្នកនយោបាយ​ខ្មែរ​ ​អ្នក​បញ្ញវន្ដ​ខ្មែរ​ ​អ្នកចេះ​ដឹង​ខ្មែរ​មិន​ដែល​មាន​សេចក្ដី​ក្លាហាន​ចេញ​មុខ​ទទួលខុសត្រូវ​ចំពោះ​មុខ​ប្រវត្ដិសាស្ដ្រ​ទេ​ នេះ​គឺ​មក​តែ​អំពី​ខ្មែរ​នាំ​គ្នា​សាប​ព្រួស​អវិជ្ជា​ ​មិន​ព្រមយក​ក្បួនខ្នាត​ ​ច្បាប់ទម្លាប់​មក​ធ្វើ​ជា​ត្រីមុខ​ក្នុង​ការ​កសាង​រៀបចំ​ទឹកដី​ ​បើ​និយាយ​ឲ្យ​ចំ​ ​គឺ​មក​អំពី​ខ្មែរ​ល្ងង់​ ​ឬ​មក​អំពី​ខ្មែរ​ត្រូវ​អ្នកដឹកនាំ​ពង្វក់​ធ្វើ​ឲ្យ​ល្ងង់​ ​ឬ​មក​អំពី​អ្នកដឹកនាំ​ខ្មែរ​គ្មាន​សមត្ថភាព​ ​គិតតែ​អំណាច​ ​និង​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​ឬ​មក​អំពី​ខ្មែរ​មិន​ចង់​ចេះ​មិន​ចង់​ដឹង​ ​មិន​ចង់​មាន​វិជ្ជា ​ឬ​មួយ​ក៏​ខ្មែរ​មិន​ហ៊ាន​តស៊ូ​ដោយ​យល់​ថា​នេះ​ជា​កម្ម​ពី​បុព្វេ ។​

អត្ថបទពី៖​ ឈូកខ្មែរ

0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះបាន តែសូមជៀសវាងការប្រើពាក្យ អសុរសមិនសមរម។ អរគុណ!

អានអត្ថបទដែលទាក់ទង៖

Copyright 2010 ទូកមាស​. បន្ទាយមាស All Right Reversed.
TOP