កុំដាំស្រូវនៅផ្លូវដំរី


កុំដាំស្រូវនៅផ្លូវដំរី
អត្ថាធិប្បាយភាសិត
សុភាសិត «កុំ​ដាំ​ស្រូវ​នៅ​ផ្លូវ​ដំរី» ​នេះ លោក​ចង់​ណែនាំ​ថា មុន​នឹង​លើក​ដៃ​ធ្វើ​អ្វី​មួយ​ត្រូវ​គិត​សិន ប្រមើល​មើល​ឲ្យ​ឃើញ​ថា ផល​ល្អ និង​ផល​អាក្រក់ តើ​ផល​ណា​អាច​នឹង​កើត​មាន​ច្រើន​ជាង ? ពិត​មែន គ្មាន​អ្នកណា​អាច​ដឹង​ជាមុន​នូវ​លទ្ធផល​ដែល​កើត​ពី​ទង្វើ​គ្រប់​យ៉ាង​ដែល​គេ​បាន​ធ្វើ​ហើយ​នោះ​ទេ ។ ប៉ុន្តែ​បើ​គេ​ចេះ​ពិចារណា​មុន​គេ​ធ្វើ​អ្វី​មួយ បើ​មាន​កំហុស​កើត​ឡើង ក៏​វា​មិន​ធំ​ប៉ុន្មាន​ដែរ ។

នៅ​ក្នុង​ព្រៃ ហ្វូង​ដំរី​ច្រើន​ជ្រើសរើស​យក​ផ្លូវ​មួយ​សម្រាប់​ដើរ​ចុះ​ឡើង ។ បើ​វា​កំណត់​យក​ផ្លូវ​ណា​មួយ​ហើយ វា​នឹង​ដើរ​តាម​ផ្លូវ​នោះ​គ្រប់​ពេល ប្រសិន​បើ​គ្មាន​មនុស្ស​មក​គំរាម​កំហែង​វា​ទេ ។ បើ​ដឹង​ថា ផ្លូវ​នោះ ឬ​ថា​ម្ដុំ​ត្រង់​នោះ​ជា​ទី​ដែល​ដំរី​ដើរ​កាត់ ហើយ​យើង​ទៅ​ដាំ​ស្រូវ​នៅ​ត្រង់​នោះ តើ​មាន​វិធី​ណា​ដើម្បី​ទប់​ទល់​រារាំង​ដំរី​កុំ​ឲ្យ​ស៊ី​ស្រូវ ? ដេក​ចាំ​យាម ២៤​ម៉ោង ទល់ ២៤​ម៉ោង ?

ពាក្យ​ថា «ដំរី» នៅ​ទី​នេះ គ្រាន់​តែ​ជា​ពាក្យ​ឧបមា ។ ឯ​ពាក្យ​ឧបមេយ្យ​វិញ គឺ​យោង​ទៅ​ដល់​ «មនុស្ស​មិន​ល្អ» ។ បើ​គេ​ដឹង​ថា​តំបន់​ត្រង់​នោះ (ទីណា​មួយ) ជា​ជម្រក​នៃ​មនុស្ស​មិន​ល្អ ហើយ​យើង​ទៅ​សង់​ផ្ទះ​នៅ​ទី​នោះ យើង​ប្រហែល​ជា​មិន​សូវ​បាន​សេចក្ដី​សុខ​ប៉ុន្មាន​ទេ ព្រោះ​យើង​ទៅ​នៅ​ «ចំ​ផ្លូវ​​ដំរី» ។

បើ​យើង​ដាំ​ឈើ​ស៊ី​ផ្លែ (ត្របែក ស្វាយ ចេក ទៀប ល្ហុង ។ល។) នៅ​ត្រង់​កន្លែង​ដែល​មាន​មនុស្ស​ភាគ​ច្រើន​ដើរ​កាត់​ចុះ​ឡើង ផ្លែ​ឈើ​ទាំង​នោះ​ប្រហែល​ជា​មិន​គង់​បាន​ច្រើន​ទេ ។ គប្បី​ចំណាំ​ថា ក្នុង​លោក​នេះ គេ​មិន​ងាយ​រក​ឃើញ​មនុស្ស «សុចរិត» នោះ​ទេ ។ មនុស្ស​ពោរពេញ​ទៅ​ដោយ​លោភៈ បាន​ហើយ​ចង់​បាន​ទៀត​មិន​ចេះ​ស្កប់ស្កល់ ។ កាលណា​ឱកាស​ហុច​ឲ្យ មនុស្ស​ភាគ​ច្រើន​មុខ​ជា «រពឹស​ដៃ» មិន​ខាន ។

ដោយ ម៉ែន រៀម សៀវភៅ​រសជាតិ​ភាសា​ខ្មែរ


-ចប់-

0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះបាន តែសូមជៀសវាងការប្រើពាក្យ អសុរសមិនសមរម។ អរគុណ!

អានអត្ថបទដែលទាក់ទង៖

Copyright 2010 ទូកមាស​. បន្ទាយមាស All Right Reversed.
TOP