ប្រជាពលរដ្ឋខ្មែរជាអ្នកគោរពរាប់អានព្រះពុទ្ធសាសនាតាំងពីបុរាណកាល មករហូតបច្ចុប្បន្នកាលនេះ ។ ពុទ្ធបរិស័ទបច្ចុប្បន្នទាំង៤ជំពូកគឺ ភិក្ខុ , សាមណេរ , ឧបាសក និ ឧបាសិកា ។ បណ្តាពុទ្ធបរិស័ទទាំង៤ពួកនេះ និយាយអោយខ្លីមកនៅត្រឹម២ពួកគឺ គ្រហស្ថ គឺអ្នកមិនបួស១ និង បព្វជិត គឺអ្នកបួស១ ។ បព្វជិត ឬ អ្នកបួស បានដល់ព្រះសង្ឃនេះឯង ដែលជាបុគ្គលគោរពប្រតិបត្តិព្រះពុទ្ធសាសនាបានប្រសើរ និង ថ្លៃថ្លាជាងគ្រហស្ថ ហើយជាស្រែបុណ្យសម្រាប់មនុស្សលោកទូទៅ ។
ការប្រមាថមើលងាយចំពោះតរនវត្ថុដ៏ប្រសើរបំផុតនេះបញ្ជាក់អោយឃើញថា ជាបុគ្គលពាលល្ងង់ខ្លៅ ជាអ្នកបំផ្លាញគុណធម៌ សីលធម៌ និង សន្តិភាព ជាមនុស្សវិនាស មិនស្គាល់បាបបុណ្យ គុណ ទោស ខុស ត្រូវអ្វីទាំងអស់ ត្បិតព្រះសង្ឃជាអ្នករក្សាសីល ។ ហេតុនេះបុគ្គលទាំងឡាយណាមិនគោរពគុណព្រះសង្ឃ (ព្រះសង្ឃដែលគោរពប្រតិបត្តិសិក្ខាបទបានល្អ ) ជាបុគ្គលទ្រុស្តសីល ហើយបុគ្គលទ្រុស្តសីល រមែងមិនសង្គ្រោះនូវភាពសាន្តត្រាណរបស់ បុគ្គល និង សង្គម
(ព្រះមហាឃោសនន្ទដា (1929-2007) និមិត្តរូបមួយនៃកំពូលសង្ឃខ្មែរសម័យបច្ចុប្បន្ន)
ឡើយ ហើយក៏រមែងបង្កអោយមានភាពច្របូកច្របល់ សោកសៅ ក្តៅក្រហាយដល់បុគ្គល និង សង្គម ។(ព្រះមហាឃោសនន្ទដា (1929-2007) និមិត្តរូបមួយនៃកំពូលសង្ឃខ្មែរសម័យបច្ចុប្បន្ន)
តាមពិតព្រះសង្ឃដែលសិក្សា រៀនសូត្រ និង គោរពប្រតិបត្តិតាមធម៌វិន័យដ៏ល្អនេះ គឺជាធនធានមនុស្ស ដ៏ប្រកបទៅដោយគតិបណ្ឌិតខ្ពង់ខ្ពស់ គួរជាទីគោរពបំផុត ហើយជាប្រភពនៃគុណធម៌ សីលធម៌ និង សន្តិភាព ដែល មនុស្សសត្វគ្រប់រូបក្នុង លោកតែងតែចង់បានដូចៗគ្នា មិនថាអតីតកាល , បច្ចុប្បន្នកាល ឬ ទៅព្ឋដ៏អនាគតកាលឡើយ។
បើមានព្រះសង្ឃ (មិនមែនបុគ្គលសង្ឃទ្រុស្តសីល ) ត្រូវតែមានសីល បើមានសីលពិតហើយ ទើបពិភពលោកបានសុខក្សេមក្សាន្ត ព្រោះមនុស្សមិនបៀតបៀនកាប់សម្លាប់គ្នា មិនលួច ប្លន់ កេងប្រវ័ញ្ច ពុករលួយ មិនប្រព្រឹត្តខុសក្នុងកាមទាំងឡាយ គឺលុបបំបាត់ការជួញដូរមនុស្ស ជួញដូរផ្លូវភេទ និង ជំងឺកាមរោគទាំងឡាយមានជំងឺអេដស៍ជាអាទិ៍ មិនកុហក ភូតភរ ឆបោក នាំអោយមនុស្សមានភាពជឿជាក់ មានក្តីសង្ឃឹម និង មានទំនុកចិត្តគ្នា មិនសេព ផឹក ហិត ជក់គ្រឿងញៀនគ្រប់ប្រភេទ លប់បំបាត់ការជួញដូរគ្រឿងញៀន ។
ព្រះសង្ឃគឺជាអ្នកសិក្សារៀនសូត្រ និង អប់រំផ្លូវចិត្តអោយបានល្អបរិសុទ្ធ មិនត្រឹមតែការសិក្សាព្រះពុទ្ធសាសនា និង ប្រពៃណីទំនៀមទំលាប់ប៉ុណ្ណោះទេ វិជ្ជាជីវៈផ្សេងៗដូចជាជាងឈើ ជាងដែក ជាងគំនូរ ជាងចំលាក់ ផ្សំថ្នាំព្យាបាលជំងឺ ជួយបង្ហាត់បង្រៀន កូនខ្មែរអោយចេះអក្សរសាស្ត្រ លេខនព្វន្ត អក្សសិល្ប៍ វប្បធម៌ វិជ្ជាជីវៈ និង សង្គមកិច្ចផង ។ ព្រះសង្ឃជាអ្នកជួយដោះស្រាយបញ្ហារបស់ពុទ្ធបរិស័ទពេលមានវិបបត្តិ ផ្លូវចិត្ត ព្រះសង្ឃដើរតួជាមេធាវីដោះស្រាយទំនាស់ សម្រុះសម្រួលអោយអ្នកដទៃបានបានផ្សះផ្សា និង សន្តិភាព ។
ព្រះសង្ឃ ជាទីទុកចិត្តនៃពុទ្ធបរិស័ទ ជាជំហរក្នុងការកសាងសមិទ្ធិផលនានាដូចជា ជីកអណ្តូង ជីកស្រះ លើកថ្នល់ សាងស្ពាន សាងសលារៀន មន្ទីរពេទ្យ ។ ល ។ ពេលខ្លះទៀតព្រះសង្ឃជាអ្នកព្យាបាលជំងឺដល់ប្រជាពលរដ្ឋ ដោយផ្សំឱសថបុរាណ ជាមួយនឹងពុទ្ធមន្ត ដើម្បីជួយលើកកំលាំងចិត្ត ដែលប្រភពនៃថាមភាព ។ ពេលខ្លះទៀត ជាចិត្តវិទូ ពន្យល់ពុទ្ធបរិស័ទដែលមានវិបត្តិផ្លូវចិត្ត ឬ ខូចចិត្តអោយបានជាសះស្បើយ ដោយព្រះធម៌ ឬ អោយធ្វើសម្មាធិកម្មដ្ឋាន ។ ពេលខ្លះទៀតព្រះសង្ឃមានសមត្ថភាព ជួយឃោសនាប្រមូលថវិកា ឬ សម្ភារៈ ពីញាតិញោម និង សប្បុរសជនពីគ្រប់មជ្ឈដ្ឋានទៅជួយសង្គ្រោះប្រជាពលរដ្ឋដែលមានជំងឺ អោយបានចូល ទៅសម្រាកព្យាបាលក្នុងមន្ទីរ ពេទ្យ ឬ រងគ្រោះដោយធម្មជាតិ មានខ្យល់ព្យុះ ទឹកជំនន់ ភ្លើងឆេះផ្ទះ ។ ល ។ លើសពីនេះទៅទៀត ព្រះសង្ឃ ជួយចិញ្ចឹមជនអនាថា មានមនុស្សចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា សិស្សានុសិស្ស ដោយផ្តល់ ទីវត្តអារាមអោយស្នាកអាស្រ័យដើម្បីសិក្សារៀនសូត្រ ។
សរុបសេចក្តីមក ព្រះសង្ឃខ្មែរបានជួយកសាងសង្គមដោយបង្កើតឡើងនូវសមិទ្ធិផលយ៉ាងច្រើន សន្ធឹកសន្ធាប់ សូមប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានមេត្តាយល់ត្រូវអោយបានគ្រប់ គ្នាឡើង ហើយមានសទ្ធាជ្រះថ្លា សិក្សា រៀនសូត្រទ្រិស្តីព្រះពុទ្ធសាសនាយកគុណព្រះរតនត្រ័យគឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹង ទីរលឹកស្មើដោយសង្ខារតរៀងទៅ ។
ដោយ វ៉ាយ វិបុល ជំនួយការរដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា ។
ប្រធានគណកម្មការ ស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណី ទំនៀមទំលាប់ខ្មែរ
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះបាន តែសូមជៀសវាងការប្រើពាក្យ អសុរសមិនសមរម។ អរគុណ!