ចាប៉ីលោកតា​ គង់ ណៃ

Chapey Kung Nai

លោកតា​ គង់ ណៃ សុំ​​អោយ​​ចាប៉ី​​ក្លាយ​​ជា​​សម្បត្តិ​​បេតិកភ័ណ្ឌ​​ពិភពលោក



ដោយ ចាន់ លីដា(rfi)

ក្រោយពី​ការរួចរស់​ជីវិត​ពី​របប​ប៉ុលពត សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ នាពេល​បច្ចុប្បន្ន​ត្រូវ​ប្រឈម​មុខ​​ជាថ្មី​ម្តង​ទៀត​ទៅនឹង​ការហូរចូល​នៃ​ តន្ត្រី​សិល្បៈ​សម័យ​ថ្មី។ លោកតា​ គង់ ណៃ ជា​អ្នក​ជំនាញ​ល្បីល្បាញ​ខាងភ្លេង​ និង​ចម្រៀង​ចាប៉ី តាំងពី​ទសវត្ស​ទី៦០ កំពុង​មាន​ការព្រួយ​បារម្ភ​ចំពោះ​ការបាត់បង់​នូវ​សិល្បៈ​បុរាណ​ដ៏​កម្រ​មួយ​ នេះ និង​ចង់​សំណូម​ពរ​អោយ​មាន​ភាព​រួសរាន់​នៅក្នុង​ការ​ដាក់​បញ្ចូល​សិល្បៈ​ ចាប៉ី​ជា​សម្បត្តិ​បេតិកភ័ណ្ឌ​ពិភពលោក។
www.khmer.rfi.fr

បទ​យកការណ៍​របស់ ចាន់ លីដា

-------------------------------------------------------------------------------------
សូមស្ដាប់ចំរៀងចាប៉ីរបស់លោកតាគង់ណៃច្រៀងបំពេរអស់លោកអ្នក ដើម្បីស្ដាប់កំសាន្ដជាពិសេសពេលរាត្រីស្ងាត់








Kong​Nai:Krousam-Mouy-Sobay-Neng-Tok
Artist: Chapay
Download This Song





Chapay 1
Artist: Chapay
Download This Song




Chapay 2
Artist: Chapay
Download This Song




Chapay 3
Artist: Chapay
Download This Song





continue


ទស្សនយល់ឃើញទៅលើព្រឹទ្ធាចារ្យគង់ណៃនិងប្រវត្ដិរបស់គាត់


ភ្នំពេញ: មានការ​និយាយថា លោកតា​គង់ ណៃ ដែល​អ្នកចម្រៀង​ចាប៉ី​ល្បី​ឈ្មោះ​បច្ចុប្បន្ន គាត់​ពិការភ្នែក ដោយសារ​តែ​រៀន​ច្រៀង​ចាប៉ី ។ ប៉ុន្តែ​លោក​តា​បានបញ្ជាក់​ថា គាត់​ពិការភ្នែក​តាំងពី​គាត់​មិនទាន់​ចេះច្រៀង​ចាប៉ី​ម្ល៉េះ ហើយ​អ្នកចម្រៀង​ចាប៉ី​ភាគច្រើន​ជា​មនុស្ស​ពិការ​ភ្នែក​នោះ​មិនមែន​ពិការ​ ដោយសារ​ការ រៀន​ចាប៉ី​ទេ ពួកគាត់​ពិការភ្នែក​ហើយ ទើប​មក​រៀន​ច្រៀង​ចា​ប៉ី ។​


​លោកតា គង់ ណៃ មាន​ស្រុកកំណើត​កើត​ជា​នៅ​ភូមិ​ដូង ស្រុក​កំពត ខេត្ត​កំពត​ ។ គាត់​បាន​រៀន ចាប៉ី​តាំងពី​អាយុ​បាន ​១៣​ឆ្នាំ ជាមួយ​ឪពុកធំ​របស់គាត់​ ។ ដោយ​ភ្នែកងងឹត​មើលមិនឃើញ​ខ្ទង់ចាប៉ី គាត់​បាន​ប្រើ​ត្រចៀក​និង​ធ្វើ​មាត់​តាម នូវ​អ្វី​ដែល​ឪពុកធំ​បាន​ដេញ​ឱ្យ​ស្តាប់ ។ ហើយ​នៅ​ពេលទំនេរ គាត់បាន​រៀន​ដេញចាប៉ី​តាម​សូរ​មាត់​របស់ខ្លួន​ ។ ដោយ​ការខិតខំ​ប្រឹងប្រែង និង​ដោយ​មាន​និស្ស័យ​ពីធម្មជាតិ​ផង លោកតា​អាច​ចេះ​ដេញ​ចាប៉ី និង​ចងចាំ​ពាក្យពេចន៍​ចម្រៀង​បាន​យ៉ាង​ស្ទាត់​ជំនាញ​ ។ លោកតាបន្តថា ខួរក្បាល​របស់​គាត់​អាច​ចាំ​បាន​ច្បាស់​ណាស់ មុន​នឹង​ច្រៀង​អំពី​អ្វី​មួយ គ្រាន់តែ​ឱ្យ​គេ​និយាយប្រាប់ដំណើរ​រឿង​នោះ គាត់​អាច​ច្រៀង​បាន​ភ្លាម ​។

នៅក្នុង ​របប ប៉ុល ពត លោកតា​ត្រូវបាន​គេ​ជម្លៀស ឱ្យទៅ​ភូមិ​ព្រែក​ថ្នាំ ស្រុក​បន្ទាយមាស ក្រោយមក ទៅ​ភូមិ​ដំណាក់​កន្ទួត ទៅ​ភូមិ​កណ្តាល​ទួល ខេត្ត​កំពត​ ។ ទោះជា​គាត់​ពិការ​ភ្នែក​ក្តី ពួក​ប៉ុល​ពត​មិន​ឱ្យ​ទំនេរ​ទេ គាត់​ត្រូវបាន​គេ​ប្រើ​ឱ្យ​វាយ​ជក់​ត្នោត ​។ នៅក្នុង​ឆ្នាំ​១៩៧៦-១៩៧៧ គាត់ ត្រូវបានខ្មែរក្រហម​បញ្ជា​ឱ្យ​ច្រៀង​បម្រើ​នយោបាយ​របស់​ខ្លួន ​។ លុះ​របប​ឃោរឃៅ​នោះ បាន​ខ្ចាត់ខ្ចាយ​ទៅ លោកតា​បាន​វិលត្រឡប់​ទៅ​នៅ​ស្រុកកំណើត​វិញ​ ។ នៅ​ក្នុង​ឆ្នាំ​១៩៩១ គាត់​បាន​មកប្រឡង​ចម្រៀង​ចាប៉ី​នៅ​ទីក្រុង​ភ្នំពេញ ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ទូទាំង​ប្រទេស​ ។ នៅក្នុង ឆ្នាំ​១៩៩២ ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ទៅ​អញ្ជើញ​លោក​តា​ឱ្យ​មក​ធ្វើការ រហូតមកដល់​សព្វថ្ងៃ​ ។ ក្រៅពី​ធ្វើការ​នៅក្នុង​ក្រសួង​នេះ លោកតា​បង្រៀន​ចាប៉ី​នៅ​សាលា​ពន្លឺ​សិល្បៈ​ខ្មែរ​អមតៈ ​។

​ លោកតា ​គង់ ណៃ បាន​និយាយថា បច្ចុប្បន្ន​គាត់​សង្កេតឃើញថា ចា​ប៉ី មិនសូវ​មាន​អ្នករៀន​ប៉ុន្មាន ឡើយ ព្រោះ​មនុស្ស​ជាច្រើន​មាន​ជំនឿ​ថា រៀន​ច្រៀង​ចាប៉ី​នឹង​ធ្វើឱ្យ​ពិការភ្នែក ។ គេ​មាន​ជំនឿ​បែបនេះ ដោ​យសារ​គេ​ឃើញ​ថា អ្នកចម្រៀង​ចាប៉ី​ល្បី​ឈ្មោះ​តាំងពីដើម​រៀងមក ភាគច្រើន​ជា​មនុស្ស​ពិការភ្នែក ជាក់ ស្តែង​ដូចជា​លោកតា​ប្រាជ្ញ ឈួន​, នេ​ត ពេ ជាដើម ។ ប៉ុន្តែ​លោក​តា​គង់ ណៃ បាន​ធ្វើ​ការបញ្ជាក់​ថា ជំនឿ នេះ​ពិតជា​ពុំ​ត្រឹមត្រូវ​ទេ អ្នកលេង​ចា​ប៉ី​ល្បី​ជាច្រើន ដូចជា​តា​ពូថៅ​ដៃ​, តា​ម៉ម សុន​, តា​ចាប៉ី​ហោះ និង តា​ស្មៀន​ឈិន​ សុទ្ធតែ​មិនមែន​ជា​មនុស្ស​ពិការ​ភ្នែក ។ ចំណែក​លោកតា​ប្រាជ្ញ ឈួន ពិការភ្នែក​នៅ​អាយុ​៧ ឆ្នាំ តាំងពី​គាត់​មិនទាន់​ចេះ​ច្រៀង​ចាប៉ី​ម្ល៉េះ រីឯ​លោក​តានេត ពេ ក៏​ដូច្នេះ​ដែរ គាត់​បាន​ងងឹតភ្នែក​តាំងពីអាយុ​ ២០​ឆ្នាំ ដោយសារ​គាត់​ពិសា​ស្រា​ច្រើនពេក បណ្តាល​ឱ្យ​ឈឺក្បាល ហើយ​គាត់​បាន​ចាប់ខ្យល់​នៅ​ចន្លោះចិញ្ចើម​របស់គាត់ មិនដឹង​ជា​មូល​​ហេតុអ្វី​ទេ ក៏​ខ្វាក់ភ្នែកអស់​ម្ខាង​ទៅ ។ ក្រោយមក​ស្រាប់តែ​ឆ្លងទៅម្ខាង​ទៀត ធ្វើ​ឱ្យ​លោកតា នេ​ត ពេ​ ពិការភ្នែក​ទាំង​សងខាង​រហូតមកដល់​សព្វថ្ងៃ ។ ដោយឡែក​ចំពោះ រូប​លោក​តា​ផ្ទាល់​វិញ ក៏​ពិការភ្នែក​តាំងពី​មុន​ចេះ​ច្រៀង​ចាប៉ី​ដែរ កាលនោះ​លោក​តា មាន​អាយុ​៤​ឆ្នាំ បាន​កើត​ជំងឺ​អុត​ធំ ធ្វើឱ្យ​គាត់​ធ្លាក់​ខ្លួន​ជា​មនុស្ស​ពិការ​ភ្នែក​រហូត​សព្វថ្ងៃ ។​

​ លោកតា គង់ ណៃ បាន​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់គាត់​ថា បើ​កូន​ខ្មែរ​ជំនាន់​ក្រោយគ្រប់​គ្នា​យល់​ថា រៀន​ចាប៉ី​នាំ​ឱ្យ​ងងឹតភ្នែក​នោះ យូរៗ​ទៅ​នឹង​បាត់បង់​សម្បត្តិ​វប្បធម៌​ដ៏​ប្រពៃ​មួយនេះ​មិន​ខាន ​។ បច្ចុប្បន្ន​ពុំ​សូវ​មាន​សិស្ស​ចូលរៀន​ចាប៉ី​ទេ ព្រោះ​បើ​តាម​ការបង្រៀន​របស់​គាត់ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ ពុំ​សូវ​មាន​សិស្ស​ច្រើន​ឡើយ​ ។ លោកតា​បាន​អំពាវនាវ​សុំ​ឱ្យ​កូន​ខ្មែរ​ទាំងអស់ ជួយ​លើកស្ទួយ​សិល្បៈ​ទម្រង់​ចា​ប៉ី ដែល​ជា​សម្បត្តិ​វប្បធម៌​ជាតិ​របស់​យើង​ផង​ ។ តែ​ទោះ​យ៉ាងណា លោកតា​ប្រាប់ថា នៅ​ស្រុកស្រែ​មាន​គេ​និយម​ស្តាប់​ចាប៉ី​ច្រើន ឯ​នៅ​ទីក្រុង​វិញ​ពុំ​សូវ​មាន​ទេ​ ។ ព្រោះពេលនេះ ជា​សម័យ​ទំនើប​ឆើត​ឆាយ ដូច្នេះ​សិល្បៈ​បែប​បុរាណ​ពុំ​សូវ​ទាក់ទាញ​ឡើយ​ ។ តែ​នេះ​ដោយសារ ពួកគេ​មិន​ទាន់​យល់ច្បាស់​ពី​សិល្បៈ​បុរាណ​ថា​មាន​អត្ថន័យ​បែបណា ។​

​ លោកតា​គង់ ណៃ ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្តល់​ប្រាក់​បៀវត្សរ៍​ ៥០​ដុល្លារ​ក្នុង​១​ខែ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ឧបត្ថម្ភ ៥០​ដុល្លារ ក្នុង​១​ខែ និង​សាលា​ពន្លឺ​សិល្បៈខ្មែរ​អមតៈ​ឧបត្ថម្ភ ៥០​ដុល្លារ​ ក្នុង​១​ខែ​ ៕











Chapay 4
Artist: Chapay
Download This Song




Chapay 5
Artist: Chapay
Download This Song




Chapay 6
Artist: Chapay
Download This Song




Chapay 7
Artist: Chapay
Download This Song





Kung Nai Sang Counting the Commune and District


Chapay 8
Artist: Chapay
Download This Song


ប្រវត្ដិខ្លីចាប៉ីដងវែង

ចាប៉ីដងវែង មានប្រវត្តិ ដ៏យូរលង់ណាស់ មកហើយក្នុងសង្គមខ្មែរ ។ កាលណាគេឮ ពាក្យថា “ចាប៉ី” ចាស់បុរាណខ្មែរ សំគាល់ទុកថា ជាតន្ត្រីម៉្យាង ដែលច្រៀងអប់រំ ប្រៀបធៀបសង្គម, រិះគន់សង្គម, ផ្តល់ជា គតិបណ្ឌិត សំរាប់ដាស់តឿន ដល់កូនចៅជំនាន់ក្រោយ ។ ពាក្យទំនៀម ទាំងអម្បាលនេះ បច្ចុប្បន្នកំពុងត្រូវបាន យុវជនសម័យថ្មី គេនាំគ្នាបំភ្លេច និងរិះគន់ថា ជាតន្ត្រីហួស សម័យហើយ ទោះបីមានអ្នក ចម្រៀងដ៏ល្អឯក ប៉ិនប្រសប់យ៉ាងណា ក៏គ្មានប្រយោជន៍ដែរ ។ ប្រវត្តិសាស្ត្រ មនុស្សជាតិ បានបង្ហាញនូវ របកគំហើញស្តីពី ចាប៉ីដងវែង ថា រាល់ច្បាប់ក្បួន ទូន្មានកូនចៅ មានដូចជា ច្បាប់កេរកាល,ច្បាប់អរិយ សត្ថា, ច្បាប់ព្រះរាជសម្ភារ, ច្បាប់ក្រម, ច្បាប់បណ្តាំបិតា, និងច្បាប់ល្បើកថ្មី ព្រមទាំងច្បាប់ដទៃៗ ជាច្រើនទៀត។ ច្បាប់ដែលលើក យកមកនេះសុទ្ធតែ កើតចេញពីបញ្ញាញាណ កវីបណ្ឌិតពីបុរាណ ដែលចង ក្រង ហើយយកទៅច្រៀង ដាស់តឿនក្រើនរំលឹក ដល់អ្នកដែលភ្លេចស្មារតី មិនប្រឹងប្រែងខិតខំព្យាយាម រកស៊ីចិញ្ចឹមជាដើម ។ ចាប៉ីដងវែង វាជាប្រភេទតន្ត្រី មួយបែប ដែលមនុស្សច្រៀង ចម្រៀងជាកាព្យ ដែលមានពាក្យពេចន៍ ណែងណងចងជា កម្រងកែវ យ៉ាងពីរោះរណ្តំ ហើយមានន័យ ជ្រាលជ្រៅបំផុត ចំពោះការអប់រំ ។ ប៉ុន្តែជាអកុសល ចាប់តាំងពីឆ្នាំសូន្យ រហូតដល់នាបច្ចុប្បន្នភាពនេះ ប្រទេសខ្មែរត្រូវ បានបាត់បង់ បញ្ញវន្តកវីនិពន្ធ ស្ទើរតែគ្មានសល់ ដោយសារបនប្រល័យ ពូជសាសន៍។ ដូច្នេះហើយក្រោមកិច្ច ខិតខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្ត ដែលសម្តេចតេជោ ជាប្រមុខ លោកតែងតែស៊ើបសួរ រាវ រកអ្នកណាដែល ចេះច្រៀងចាប៉ី ដើម្បីយកមកឱ្យបង្រៀន ដល់ក្មេងជំនាន់ក្រោយ ឱ្យបានចេះដឹង និងយល់នូវតម្លៃ វប្បធម៌របស់ជាតិឯង។ ក្នុងគោលបំណងបណ្តុះ ពង្រីកនូវវត្ថុដ៏កម្រមួយនេះ ឱ្យបានកើត ឡើងវិញ កុំឱ្យវាស្លាប់ដោយសារយើង ទាំងអស់គ្នាបំភ្លេចវានោះ ។ កត្តានេះហើយបានជា សម្តេចមានប្រសាសន៍ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៩ នៅសាលសន្និសីទ ចតុមុខកន្លងទៅ ថ្មីៗនេះថា “ការ រស់ឡើងវិញ នៅវិស័យសិល្បៈ ទស្សនីយភាពជាតិយើង មានសន្ទុះរីកដុះដាល ដ៏ខ្លាំងក្លា ។ វឌ្ឍនភាពនេះ បានបន្តចីរភាព រហូតដល់បច្ចុប្បន្ន ក៏ប៉ុន្តែទោះបីជា យ៉ាងណា វឌ្ឍនភាព លើវិស័យសិល្បៈ ទស្សនីយភាពជាតិ នៅមានការប្រឈម ដែលចាំបាច់ត្រូវកែលំអ” ។ សម្តេចនាយករដ្ឋមន្ត្រី បានមានបប្រសាសន៍បែបនេះ ក្នុងពិធីបិទសិក្ខាសាលាជាតិ ស្តីពី “សិល្បៈទស្សនីយភាពខ្មែរ ៣០ឆ្នាំ ក្នុងការរស់ ឡើងវិញ និងការអភិវឌ្ឍន៍” ។ យោងតាមការសម្ភាសន៍ ផ្ទាល់ពីលោកតាព្រឹទ្ធាចារ្យ គង់ ណៃ បានមានប្រសាសន៍ប្រាប់ទស្សនាវដ្តី ឃីស ថា


ទី១-ចាប៉ីដងវែងបុរាណខ្មែរ គឺច្រៀងឡើងសម្រាប់ អប់រំដល់យុវជនខ្មែរ ឱ្យស្គាល់នូវទម្រង់សិល្បៈ វប្បធម៌របស់ជាតិ ។
ទី២-ចង់ឱ្យយុវជន យល់ថា ពាក្យសិល្បៈ ប្រែជាសេចក្តីថា “ការប៉ិនប្រសប់” ឱ្យឈ្មោះថា សិល្បៈ ។
ទី៣-ចង់ឱ្យយុវជនខ្មែរ ស្គាល់អំពីខែខាងខ្នើត, ខាងរនោច, របស់ខ្មែរឱ្យបាន ច្បាស់លាស់ ។ លោកតា គង់ ណៃ បន្តថា ការបណ្តុះបណ្តាល នូវវិស័យសិល្បៈ ចាប៉ីដងវែងនេះ គឺយើងមិនអាចពឹងផ្អែក ទៅតែ អ្នកច្រៀងចាប៉ីនោះទេ សំខាន់គឺគ្រប់សាលារៀន ទាំងអស់ អ្នកគ្រូ លោកគ្រូក៏ត្រូវតែ ធ្វើការណែនាំ ពន្យល់ឱ្យសិស្ស បានស្គាល់នូវ ទម្រង់សិល្បៈ ចាប៉ីដងវែង កំពុងតែជួប គ្រោះភ្លៀងព្យុះសង្ឃរា ពីសំណាក់ យុវជន ដែលពួកគេទាំងឡាយ មិនសូវនិយមចូលចិត្ត ដោយពួកគេពេញនិយម តែលើបទចម្រៀង សម័យទំនើប តែប៉ុណ្ណោះ ។ លោកតាបានអំពាវនាវ តាមរយៈទស្សនាវដ្តី ថា “សុំឱ្យយុវជនខ្មែរ មេត្តា អាណិតចាប៉ីដងវែងផង កុំទុកឱ្យនៅរងារឯកោ ត្រូវនាំគ្នាលើកស្ទួយ ចាប៉ីបុរាណខ្មែរ ឡើងវិញ ពុំដូច្នោះ ទៅថ្ងៃមុខយើងនឹងបាត់បង់ ប្រសិនណាបើយើង មិននាំគ្នាថែរក្សាឱ្យគង់វង្ស” ។ ទស្សនាវដ្តី ឃីស បាន សម្ភាសន៍លោក ពន្លក ជីវ៉ា និស្សិតសាកលវិទ្យាល័យ បៀលប្រាយឆ្នាំទី០១ ឯកទេសគ្រប់គ្រង់ពាណិជ្ជកម្ម លោកបានបញ្ចោញ ទស្សនៈប្រាប់ថា “លោកមានការនិយម ចូលចិត្តស្តាប់ចាប៉ី ខ្លាំងណាស់ ពីព្រោះ លោកយល់ថា ស្តាប់ចាប៉ីនាំឱ្យយើង ទទួលបានចំណេះដឹង អប់រំប្លែកៗពីសង្គម” ។ លោកបន្តថា “ចាប៉ីដងវែង គួរតែត្រូវអភិរក្ស ឱ្យបានគង់វង្ស នឹងបន្តផ្សព្វផ្សាយ នៅទូរទស្សន៍ និងវិទ្យុឱ្យបាន ទូលំទូលាយ ជាងនេះ, នោះលោកសង្ឃឹមថា និងមាននិស្សិតជាច្រើន ស្តាប់ជាមិនខានឡើយ” ។ និស្សិតរូបនេះដដែល បានសំណូមពរថា “សូមឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មេត្តាពង្រឹង ចាត់វិធានការណ៍ ផ្សព្វ ផ្សាយ និងប្រមូលលោក អ្នកច្រៀងចាប៉ីដងវែង ពីបណ្តាលខេត្តនានា ដើម្បីទុកសម្រាប់បង្រៀន ដល់កូនខ្មែរ ជំនាន់ក្រោយ” ។ ចំពោះនិស្សិត កែវ ពេជ្ររស្មី រៀននៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និង វិទ្យាសាស្ត្រ សេដ្ឋកិច្ចឆ្នាំទី១ បានបញ្ចោញទស្សនៈថា “តន្ត្រីបុរាណចាប៉ីដងវែង ជាតន្ត្រីមួយដ៏កម្ររក ហើយអ្នកច្រៀង ក៏មិនងាយរកដែរ។ ដូច្នេះចាប៉ីដងវែង វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជា និមិត្ត រូប នៃវប្បធម៌ ជាតិខ្មែរ” ។ លោកបន្តថា “ដើម្បីលើកស្ទួយនូវ ចាប៉ីដងវែង ក្នុងស្រទាប់យុវជនខ្មែរ ទាល់តែយើងទាំងអស់គ្នា ជានិស្សិតប្រមូលផ្តុំគ្នា ស្រាវជ្រាវ ពិភាក្សានូវរឿងនេះ ឱ្យបានដឹងពិតប្រាកដថា វាមានគំនិតអប់រំ ដល់ សង្គមបែបណាខ្លះ ” ។ ដោយលោកបានលើក ឡើងនូវច្បាប់ ក្រម ង៉ុយ មួយឃ្លាថា “នគរថ្កើងប្លែក សប្បាយតែភ្នែក ក្នុងចិត្តរងកម្ម កូនប្រុសសណ្តាប់ កុំភ្លេចបណ្តាំ កប្បាសសូត្រថ្នាំ ត្រីម៉ាំលែងថោក” ។

ដោយៈ កុលាទីបា
ដកស្រង់ចេញពីទំព័រសារព័តមានខ្មែរ Cambodia News
(The Cambodian Internet Newspapers|សារព័តមានខ្មែរលើអ៊ីនធើណែត)

0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះបាន តែសូមជៀសវាងការប្រើពាក្យ អសុរសមិនសមរម។ អរគុណ!

អានអត្ថបទដែលទាក់ទង៖

Copyright 2010 ទូកមាស​. បន្ទាយមាស All Right Reversed.
TOP