ខេត្តកំពត៖ វត្តគិរីគុហា ព្រះស្រះស្រង់ ភ្នំទទុង ទូកមាស នៅស្រុក បន្ទាយមាស បានរងការខូចខាត ជាបន្តបន្ទាប់ ដោយសារតែ ការដាក់គីបរំសេវ បំផ្ទុះបំបែកថ្ម យកទៅផលិត ស៊ីម៉ង់ត៍ ។ បើតាមការពិនិត្យ វត្តគិរីគុហា ព្រះស្រះស្រង់ នេះ គឺ ជាកន្លែង ស្ងប់ស្ងាត់ នៅជាប់នឹងជើងភ្នំ ហើយបើគេក្រឡេក មើលទៅលើភ្នំ ចំតែម្តង គឺមានរូងប្រាសាទ គុហាព្រះបុរាណ មួយផងដែរ ។
នៅក្នុងរូងប្រាសាទខាងលើនេះ មានវត្ថុបុរាណជាច្រើន ប៉ុន្តែកាលពី១០ឆ្នាំមុន មានក្រុមចោរឡើងទៅរុករក ថែមទាំងលួចព្រះបដិមាធ្វើអំពីដើមរាំងយកទៅបាត់អស់ ។ តាមចៅអធិការវត្តនាមអ៊ុំ ឡាន ព្រះជន្ម៨១ឆ្នាំ បានមានថេរដីកាថា វត្តគិរី គុហាព្រះស្រះស្រង់ភ្នំទទុងទូកមាសនេះល្បីឈ្មោះជាយូរឆ្នាំមកហើយ ញាតិញ៉ោម ទាំងឡាយដែលមានវិបត្តិផ្លូវចិត្ត ឬមានគ្រោះអាសន្នអ្វីមួយតែងតែមកបែបន់ សុំសេចក្តីសុខ ឬក៏សំរាក នៅទីនេះមួយយប់។ បច្ចុប្បន្ន វត្តគិរីគុហាព្រះស្រះ ស្រង់នេះ មានព្រះសង្ឃតែ២អង្គ និងដូនជីម្នាក់ប៉ុណ្ណោះ ដែលកាលពីមុនក៏មានព្រះសង្ឃច្រើនអង្គគង់នៅដែរ តែដោយសារមិនមានចង្ហាន់ឆាន់ ព្រះសង្ឃបាននិមន្ត ចេញអស់។ ចៅអធិការវត្តមានថេរដីកាបន្តថា ពេលនេះសំណង់ក្នុងវត្តបាន រងការខូចខាតដំបូល ជាច្រើន កន្លែង ដោយសារគេដាក់បំផ្ទុះយកថ្ម។ ផ្ទាំងថ្មទាំងនេះបង្កឱ្យធ្លុះធ្លាយដំបូលជាបន្តបន្ទាប់ដូចជា សាលាឆាន់ និងកុដិ ហើយក៏ត្រូវអ្នកមើលការខុសត្រូវនៅរោងចក្រមកជួសជុលសង់ឱ្យវិញដែរ។ ព្រះចៅអធិការ ដែល មានវ័យជរាណាស់ទៅហើយ មានថេរដីកាទៀតថា វាមានការលំបាកដែរ ឥឡូវនេះដោយសារតែគ្មាន ពុទ្ធបរិស័ទ ដែលធ្វើឱ្យព្រះសង្ឃអាចដាច់ចង្ហាន់ ម៉្យាងភ័យព្រួយពីរឿងថ្មខ្ទាត ឬធ្លាក់មកពីលើភ្នំអាចនឹង មានគ្រោះថ្នាក់ជាយថាហេតុ ។
ដូនជីឈ្មោះសែម គីម អាយុ៨០ឆ្នាំ និយាយថា គាត់មានដើមកំណើតជាខ្មែរកម្ពុជាក្រោម មិនមាន បងប្អូនកូនចៅទេ និងបានមករស់នៅក្នុងវត្តគិរីគុហាព្រះស្រះស្រង់ ភ្នំទទុងនេះ រយៈពេល៣០ឆ្នាំហើយ ហើយកាលពីនៅមានកំលាំង គាត់បាន ឡើងទៅបោសសំអាតនៅរូងប្រាសាទជារៀងរាល់ថ្ងៃ ឥឡូវនេះគាត់ ជរាឡើងទៅសំអាតលែងកើតហើយ ។ គាត់បន្តថា វត្តនេះបើរាប់ឈ្មោះចៅ អធិការគឺមាន១២អង្គហើយ ។
ចំណែកបញ្ហា គេបំផ្ទុះថ្មគឺមានរាប់រយរន្ធម្តងៗ ហើយនៅពេលបំផ្ទុះនោះទាំងលោកយាយ ទាំងព្រះសង្ឃ នាំគ្នាទៅពួននៅក្រោមវិហារថ្មី តែជួនពេលខ្លះគេមិនបានប្រាប់ឱ្យដឹងធ្វើឱ្យលោក យាយស្រឡាំងកាំង ។ ដូនជីរូបនេះនិយាយទៀតថា ជីវិតចុងក្រោយរបស់លោកយាយ អាចនឹងស្លាប់នៅវត្តស្រះស្រង់នេះ ព្រោះ គ្មានសង្ឃឹមអ្នកណាក្រៅតែពីដេកចាំតែសង្ឃវ័យក្មេងមួយអង្គ និមន្តចេញទៅបិណ្ឌបាតប៉ុណ្ណោះ ។
លោកជា ចាន់លី អភិបាលស្រុកបន្ទាយមាស មានប្រសាសន៍ថា ការបាញ់រំសេវបំផ្ទុះ គឺក្រុមហ៊ុនមាន អាជ្ញាប័ណ្ណស្របច្បាប់ តែលោកមិនបានបញ្ជាក់ថា ទោះបីមានអាជ្ញាប័ណ្ណត្រឹមត្រូវក្តី តើផលប៉ះពាល់នេះ ត្រូវធ្លាក់ទៅលើអ្នកចេញអាជ្ញា ប័ណ្ណ ឬអ្នកទទួលអាជ្ញាប័ណ្ណ។ លោកគង់ ផល្លា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ធ្លាប់មានប្រសាសន៍ថា រូងប្រាសាទនៅភ្នំទទុងទូកមាស គឺសាងសង់មុនសម័យអង្គរ ហើយស្រះស្រង់នៅជាប់នឹងភ្នំក៏មនុស្សសម័យដើមជីកដែរ ដូច្នេះ គប្បីត្រូវគិតគូរពីការអភិរក្សផង ។
ដកស្រង់ចេញពី៖ ទំព័រព៌តមានខ្មែរ Cambodia News
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះបាន តែសូមជៀសវាងការប្រើពាក្យ អសុរសមិនសមរម។ អរគុណ!