ពិធីដង្ហែក្បួនលំអានអរិយធម៌នៅខែត្រសៀមរាប
ដោយ ហង្ស សាវយុត
2010-04-30
ក្រុមប្រទេសចំនួន ១៣ ដែលមកចូលរួមដង្ហែក្បួនលំអានអរិយធម៌ចម្រុះជាតិសាសន៍ក្នុងពិធី បុណ្យវិសាខបូជានៅក្នុងបរិវេណប្រាសាទបាយ័ន បានធ្វើការសម្ដែងទស្សនីយភាពសិល្បៈនៃពុទ្ធប្រវត្តិជូនមហាជនរាប់ ម៉ឺននាក់ទស្សនា នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ជាបន្តទៀត។
២៦-មេសា-២០១០៖ ក្បួនដូនជីកាន់ផ្កាឈូកនៅក្នុងការដង្ហែក្បួនលំអានអរិយធម៌នៃ បុណ្យពិសាខបូជា នៅជុំវិញបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប។
កាលពីរាត្រីថ្ងៃពុធ ទី២៨ ខែមេសា ក្បួនដង្ហែលំអានអរិយធម៌ដ៏ធំមួយក្នុងពិធីបុណ្យពិសាខបូជា ត្រូវបានប្រារព្ធឡើងយ៉ាងធំនៅបរិវេណប្រាសាទបាយ័ន ដោយមានពិធីបំបួសនាគ, ក្បួនរថយន្តតុបតែង, ក្បួនរទេះគោ, ព្រះសង្ឃ, តាជី, ដូនជី, មន្ត្រីរាជការ, សិស្ស, និស្សិត និងក្រុមរបាំរាប់ពាន់នាក់ ចូលរួមព្យុហយាត្រា ជាមួយមហាជនរាប់ម៉ឺននាក់ឈរអបអរ និងអុជទៀនធូប បួងសួងតាមបរិវេណយ៉ាងកុះករ។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអញ្ជើញទៅចូលរួមបើកពិធីដង្ហែក្បួនលំអានអរិយធម៌ កាលពីរាត្រីថ្ងៃទី២៨ ខែមេសា បានមានប្រសាសន៍ ថា កម្ពុជាមានមោទនភាពយ៉ាងក្រៃលែងដោយបានធ្វើជាម្ចាស់ផ្ទះនៃការ រៀបចំពិធីដង្ហែក្បួនលំអានអរិយធម៌ឡើង ស្របពេលជាមួយបុណ្យវិសាខបូជា ដែលជាពិធីបុណ្យនៃព្រះពុទ្ធសាសនាផងនោះ។
លោក ស ខេង បានអំពាវនាវថា តាមរយៈពិធីនេះគឺលោកចង់ឲ្យមានការតភ្ជាប់ទំនាក់ទំនងឲ្យកាន់តែ ទូលំទូលាយថែមទៀតពីតំបន់សៀមរាបអង្គរ ទៅកាន់តំបន់បេតិកភណ្ឌដទៃទៀតនៅក្នុងតំបន់ និងចង់ឲ្យមានការហោះហើរផ្ទាល់ចេញពីទីក្រុង Borobudur នៃប្រទេសឥណ្ឌូណេស៊ី មកកាន់ខេត្តសៀមរាប ប្រទេសកម្ពុជា។
លោក ស ខេង បានថ្លែងថា ៖ «ខ្ញុំចាត់ទុកព្រឹត្តិការណ៍ដ៏អធិកអធម នេះ ជាព្រឹត្តិការណ៍ទេសចរណ៍ចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតងនៃសម័យសកល សកលភាវូបនីយកម្ម ដែលផ្សារភ្ជាប់ជាមួយវប្បធម៌ សាសនា និងជំរុញផងដែរនូវទំនាក់ទំនងការទូតដែលមិនអាចកាត់ថ្លៃបាន រវាងប្រទេសកម្ពុជាជាមួយប្រទេសជាមិត្តក្នុងតំបន់ និងសកលលោក»។
ក្បួនដង្ហែ សៀមរាប ៣០៥
ផែនរបាំរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងក្បួនដង្ហែលំអានអរិយធម៌នៃពិធីបុណ្យវិសាខបូជា នៅបរិវេណប្រាសាទបាយ័ន ក្នុងខែត្រសៀមរាប។ (RFA/Hang Savyouth)
អ្នកស្រី អ៊ិន សំអាត ដែលខំស្កាត់មកតាំងពីខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា គោលបំណងរបស់គាត់គឺចង់បានកុសលតាមរយៈបុណ្យនេះ និងចង់ឲ្យព្រះពុទ្ធសាសនាបាននៅគង់វង្សរហូតដល់ ៥ពាន់ព្រះវស្សា ៖ «សុំឲ្យប្រទេសជាតិយើងរីកចម្រើនរុងរឿង! សូមឲ្យមានចិត្តត្រជាក់ដូចព្រះពុទ្ធ ចេះខន្តី អធន រវាងគ្នានិងគ្នា!»។
ចំណែកលោក នី សុគន្ធ ជាអាណិកជនខ្មែរដែលខំស្កាត់មកតាំងពីរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋ អាមេរិក ដើម្បីចូលរួមក្នុងពិធីបុណ្យវិសាខបូជា បានមានប្រសាសន៍ថា លោកធ្លាប់តែឃើញនៅបរទេសគេធ្វើបុណ្យព្រះពុទ្ធសាសនាធំៗ ហើយនេះជាលើកទីមួយដែលលោកបានចូលរួមផ្ទាល់នៅស្រុកខ្មែរ។
លោក នី សុគន្ធ បានបញ្ជាក់ថា ៖ «មានអារម្មណ៍ថា រំភើបសប្បាយរីករាយបំផុត បានធ្វើបុណ្យកុសលដើម្បីតម្កល់ទៅអនាគត ហើយនិងសុំសេចក្ដីសុខសប្បាយនៅពេលបច្ចុប្បន្ន»។
ព្រះភិក្ខុទេវសត្ថា ពឿយ មេត្តា ជាប្រធានសមណនិស្សិតខ្មែរនៅប្រទេសឥណ្ឌា ដែលបាននិមន្តមកចូលរួមពិធីបុណ្យវិសាខបូជានៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប បានមានព្រះថេរដីកាថា ពិធីបុណ្យវិសាខបូជា គឺប្រទេសទាំងអស់នៃពុទ្ធសាសនិកជនតែងប្រារព្ធធ្វើនៅថ្ងៃ ១៥កើត ខែពិសាខ ជារៀងរាល់ឆ្នាំ ដើម្បីរំឭកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត ទ្រង់ត្រាស់ដឹងនូវសម្ពោធិញ្ញាណ និងថ្ងៃដែលព្រះអង្គយាងចូលបរិនិព្វាន។
ព្រះភិក្ខុទេវសត្ថា ពឿយ មេត្តា បានមានព្រះថេរដីកាទៀតថា ព្រះអង្គនៅឯបរទេសគឺធ្លាប់ឃើញការប្រារព្ធពិធីបុណ្យធំៗណាស់ ដូចជាបុណ្យវិសាខបូជា និងមាឃបូជា គឺមានមនុស្សច្រើនជាអន្តរជាតិ ប៉ុន្តែនេះគឺជាលើកទី១ ដែលព្រះអង្គមានមោទនភាពជាព្រះសង្ឃខ្មែរមួយអង្គ បានឃើញរាជរដ្ឋាភិបាលបានប្រឹងប្រែងទាញប្រទេសអ្នកកាន់ពុទ្ធសាសនា អន្តរជាតិ មកធ្វើបុណ្យវិសាខបូជាក្នុងទីលានអង្គរនៃប្រទេសខ្មែរ ដើម្បីបានបង្ហាញអ្វីៗទាំងអស់ថា ព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជាគឺមិនអន់ជាងកន្លែងដទៃ ឡើយ៕
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះបាន តែសូមជៀសវាងការប្រើពាក្យ អសុរសមិនសមរម។ អរគុណ!